ពលរដ្ឋប៉ាឡេស្ទីន ដែលរងរបួស បានសម្រុកចូលទៅក្នុងមន្ទីរពេទ្យ al-Aqsa ក្នុងទីក្រុង Deir al-Balah តំបន់ហ្កាហ្សា ខណៈក្រុមគ្រូពេទ្យដែលអស់កម្លាំង បានព្យាយាមជួយជនរងគ្រោះពីការវាយប្រហារ និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

វេជ្ជបណ្ឌិត លោក Khaled Abu Awaimer បាននិយាយថា មន្ទីរពេទ្យកំពុងអស់ការផ្គត់ផ្គង់ឱសថ ហើយ គ្រូពេទ្យដែលនៅសេសសល់ក្នុងចំណោមគ្រូពេទ្យជាច្រើន បានភៀសខ្លួនចេញ ដោយខ្លាចរងការវាយប្រហារម្តងទៀត ហើយត្រូវរត់ភៀសខ្លួនម្តងទៀត។ ជោគវាសនារបស់មន្ទីរពេទ្យនានា និងស្ថានភាពក្រុមគ្រូពេទ្យ ដែលកំពុងធ្វើប្រតិបត្តិការក្រោមការទម្លាក់គ្រាប់បែក ជាមួយនឹងចរន្តអគ្គិសនីម្តងមានម្តងដាច់ និងការផ្គត់ផ្គង់ទឹក និងស្តុកថ្នាំពេទ្យមិនគ្រប់គ្រាន់ បានជំរុញឱ្យមានការព្រួយបារម្ភពីសំណាក់អង្គការសហប្រជាជាតិ អំពីការដួលរលំប្រព័ន្ធសុខាភិបាល។

ខណៈលោក Abu Awaimer បាននិយាយថា មនុស្សរាប់សិបនាក់បានប្រជ្រៀតគ្នានៅជុំវិញតំបន់មន្ទីរពេទ្យដ៏រវល់ ដោយមួយចំនួនទាញគ្រែស្នែងអ្នករបួស ខណៈក្រុមគ្រូពេទ្យបានរៀបចំបង់រុំរបួស។ លោកបាននិយាយថា នៅជុំវិញមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ បានរងការវាយប្រហារ ហើយរថយន្តសង្គ្រោះត្រូវបានបំផ្លាញ។
គ្រូពេទ្យជាច្រើនដែលកំពុងធ្វើការនៅមន្ទីរពេទ្យ al-Aqsa បានភៀសខ្លួនចេញពីមន្ទីរពេទ្យផ្សេងៗទៀតនៅភាគខាងជើងតំបន់ហ្កាហ្សារួចហើយ ក្នុងការប្រឈមមុខទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល។ នៅពេលនេះ ពួកគេខ្លាចសេណារីយ៉ូដដែលនេះកើតឡើងម្តងទៀត ខណៈការទម្លាក់គ្រាប់បែកនៅភាគកណ្តាលតំបន់ហ៊ុមព័ទ្ធ បានជំរុញឲ្យមនុស្សរត់ទៅកាន់ភាគខាងត្បូង។