លោក រីស៊ី ស៊ុណាក់ (Rishi Sunak) បាននិយាយថា ចក្រភពអង់គ្លេស នឹងផ្តល់ជំនួយផ្នែកយោធាចំនួន ២,៥ពាន់លានផោនដល់អ៊ុយក្រែន នៅឆ្នាំក្រោយ ដែលជាការប្តេជ្ញាចិត្តប្រចាំឆ្នាំដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។

លោកនាយករដ្ឋមន្ត្រី បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់អ៊ុយក្រែន ជាទីដែលលោក ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលគាំទ្រដល់សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែនផងដែរ។

ក្រុមមន្ត្រី បាននិយាយថា កញ្ចប់ជំនួយនេះ នឹងផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រព័ន្ធការពារដែនអាកាស និងគ្រាប់កាំភ្លើងធំ។
ទឹកប្រាក់ប្រហែល ២០០លានផោន នឹងត្រូវចំណាយលើយានដ្រូន ដែលភាគច្រើនផលិត នៅចក្រភពអង់គ្លេស។
ក្រុមមន្ត្រីនោះ បានបន្តថា នេះនឹងនាំឲ្យមានការបញ្ជូនយានដ្រូនដ៏ច្រើនបំផុតទៅកាន់ប្រទេសអ៊ុយក្រែនដោយប្រទេសណាមួយ។
គួរឲ្យកត់សម្គាល់ផងដែរ លោកនាយករដ្ឋមន្ត្រី បានសម្រេចចិត្តមិនធ្វើការសន្យាផ្នែកហិរញ្ញវត្ថុដែលមាន រយៈពេលច្រើនឆ្នាំទេ។
រដ្ឋមន្ត្រីនិងឥស្សរជនយោធាជាន់ខ្ពស់មួយចំនួន បានបញ្ជាក់លក្ខណៈឯកជនថា ការសម្រេចនេះ នឹងបញ្ជូនសញ្ញាកាន់តែខ្លាំងទៅកាន់ទីក្រុងមូស្គូអំពីការគាំទ្ររយៈពេលវែងរបស់ចក្រភពអង់គ្លេស។