ប៉ាឡែស្ទីន ៖ ក្រសួងសុខាភិបាល មានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ជាពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅបន្តក្នុងតំបន់ហ្កាហ្សា បានកើនឡើងដល់ ២៣.៤៦៩នាក់។
អ្នកនាំពាក្យក្រសួងលោក លោក Ashraf al-Qedra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន១១២នាក់ និងរងរបួស១៩៤នាក់ផ្សេងទៀត ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ។
លោក Al-Qedra បាននិយាយបន្ថែមថា ចាប់តាំងពីការផ្ទុះឡើងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ពលរដ្ឋប៉ាឡេស្ទីន ៥៩.៦០៤នាក់ បានរងរបួស បណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលក្នុងចំណោមនេះ ៦.២០០នាក់ ត្រូវការការព្យាបាលបន្ទាន់នៅខាងក្រៅតំបន់ហ្កាហ្សា។
លោកបាននិយាយថា «ស្ថានភាពនៅតាមមន្ទីរពេទ្យនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជួបមហន្តរាយខ្លាំង ខណៈមានចំនួនអ្នករបួសច្រើនហួស និងមានអ្នកភៀសខ្លួនរាប់ម៉ឺននាក់។
លោក Al-Qedra បានអំពាវនាវដល់ស្ថាប័នអង្គការសហប្រជាជាតិ ឲ្យធ្វើអន្តរាគមន៍បន្ទាន់ ដើម្បីផ្តល់ទឹក អាហារ និងទីជម្រកដល់ជនភៀសខ្លួន មុនពេលមហន្តរាយកើតឡើង ជាផលវិបាក ដែលមិនអាចស៊ូទ្រាំបាន។
យោងតាមប្រភពពីសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ពីលើអាកាស ដីគោក និងតាមសមុទ្រ បានបន្តនៅក្នុងផ្នែកភាគច្រើននៅតំបន់ហ្កាហ្សា ជាពិសេសនៅក្នុង ទីក្រុង Deir al-Balah និងទីក្រុង Khan Younis ។

