អេក្វាឌ័រ ៖ ប្រធានាធិបតី ប្រទេសអេក្វាឌ័រ លោក Daniel Noboa បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជិត៤០ប្រទេស បានផ្តល់ជំនួយដល់ប្រទេសអេក្វាឌ័រ ដើម្បីដោះស្រាយរលកអំពើហឹង្សាដែលញាំញីដោយក្រុមភេរវករ ជាប់ទាក់ទងទៅនឹងការជួញដូរគ្រឿងញៀន។ ក្នុងការមើលឃើញពីជម្លោះប្រដាប់អាវុធផ្ទៃក្នុង ដែលប្រទេសអេក្វាឌ័រ កំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ លោក Noboa បាននិយាយថា វាមិនមែនជាពេលដែលត្រូវនិយាយថា ចេញពីភាពអត្មានិយម ឬឥតប្រយោជន៍នោះទេ ដែលយើងនឹងការពារអធិបតេយ្យភាពរបស់យើង។ លោក Noboa ដែលបានប្រកាសគ្រាអាសន្នរយៈពេល ៦០ថ្ងៃ កាលពីថ្ងៃដើមសប្តាហ៍នេះ បានផ្តល់អំណាចដ៍ទូលំទូលាយដល់កងកម្លាំងសន្តិសុខ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ជាពិសេសនៅក្នុងពន្ធនាគារ បាននិយាយថា យើងត្រូវការការគាំទ្រផ្នែកយោធា និងទាហាន ព្រមទាំងជំនួយក្នុងការស៊ើបការណ៍សម្ងាត់ ត្រូវការកាំភ្លើងធំ និងឧបករណ៍ផ្សេងៗ។ ប្រទេសជាច្រើន បានបង្ហាញសាមគ្គីភាពជាមួយប្រទេសអេក្វាឌ័រនាពេលថ្មីៗនេះ ដោយបានរិះគន់អំពើភេវរកម្មគ្រឿងញៀន ថាជា ការវាយលុកដោយសង្គ្រាមនៅអឌ្ឍគោលមួយ និងបានផ្តល់ជំនួយយោធា។
យោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយទីភ្នាក់ងារគ្រប់គ្រងពន្ធនាគាររបស់ប្រទេស បានឲ្យដឹងថា កុបកម្ម បានផ្ទុះឡើងនៅក្នុងពន្ធនាគារជាច្រើនកន្លែងក្នុងប្រទេសនៅសប្តាហ៍នេះ ដោយអ្នកទោសបានចាប់មនុស្ស ១៧៨នាក់ធ្វើជាចំណាប់ថ្នូរ នៅទីតាំងពន្ធនាគារចំនួន៧កន្លែង ។ ទីភ្នាក់ងារនេះ និយាយថា ចំណាប់ថ្នូររួមមានឆ្មាំពន្ធនាគារ១៥៨ នាក់ និងមន្ត្រីរដ្ឋបាល២០នាក់ នៅអគារពន្ធនាគារនានាក្នុងខេត្តជាច្រើន។
ជម្លោះនៃអំពើហឹង្សា រួមទាំងការវាយប្រហារប្រដាប់អាវុធលើស្ថានីយ៍ទូរទស្សន៍មួយក្នុងអំឡុងពេលការផ្សាយផ្ទាល់ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ និងបានចាប់ខ្លួនមនុស្សជាង ៧០ នាក់។

