ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ នេះ នឹងមានកំណើនវិជ្ជមាន ខណៈការនាំចេញវិស័យកសិកម្ម, អនុវិស័យកាត់ដេរ វិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ជាដើម ដែលជាចន្ទល់សេដ្ឋកិច្ច បានកំពុងងើបឡើងវិញជាបណ្តើរៗ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ នេះថា បញ្ហាប្រឈមនៅក្នុងវិបត្តិកូវីដ-១៩ គឺបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក្នុងនោះ ចំពោះវិស័យអចលនទ្រព្យក៏រងប៉ះពាល់ដោយសារវិបត្តិជំងឺនេះផងដែរ ដែលជាការរាំងស្ទះដល់ការអភិវឌ្ឍន៍វិស័យនេះ និងការបាត់បង់អ្នកវិនិយោគទុន ជាពិសេសអ្នកវិនិយោគទុនបរទេស។
សម្រាប់ឆ្នាំ២០២១ លោក បន្តថា ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺត។ តែទោះបីជាយ៉ាងចំពោះការអភិវឌ្ឍន៍វិស័យសំណង់រួមមាន ៖ គម្រោងសាងសង់លំនៅឋាន កំពុងត្រូវបានលេចធ្លោ រួមជាមួយការអភិវឌ្ឍន៍ទីក្រុងថ្មីៗ និងផ្នែកគម្រោងខុនដូ និងវិស័យដីធ្លី ។
សម្រាប់វិស័យឧស្សាហកម្មកាត់ដេរវិញ, លោក កាំង ម៉ូនីការ អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា បន្ទាប់ជួបបញ្ហាខ្លះៗនៅក្នុងការប្រកួតប្រជែង ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ ២០ កុម្ភៈ ធ្វើអោយមានការបិទរោងចក្រ ការនាំចេញផលិតផលធ្វើដំណើរកំពុងមានការកើនឡើង ដោយកម្ពុជាទទួលបានការនាំចេញរួចពន្ធទៅកាន់សហរដ្ឋអាមេរិក ដោយយើងរំពឹងទុកថា នឹងបន្តមានកំណើនក្នុងពេលខាងមុខទៀត ។
ជុំវិញការងើបឡើងវិញនៃសេដ្ឋកិច្ច, ឯកឧត្តម មាស សុខសេនសាន្ត អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងកំណើនរង្វង់ ៣,៥ ភាគរយ ទៅ ៤ ភាគរយ ដោយទ្រទ្រង់វិស័យ និងអនុវិស័យសំខាន់ៗមួយចំនួនដូចជា ៖ វិស័យកសិកម្ម, អនុវិស័យកម្មន្តសាល, អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ដែលបានបង្ហាញនូវក្នុងអត្រាវិជ្ជមាន ។
ធនាគារពិភពលោក ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងទទួលបានកំណើនជិត ៤ ភាគរយ ក្នុងឆ្នាំ ២០២១ ដោយសារការរំពឹងទុកនៃការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ច, ខណៈវិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃផ្សេងទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ ក្នុងនោះវិស័យកសិកម្ម នៅរក្សាភាពធន់ ដោយសារមានតម្រូវការខ្លាំង ជាពិសេសកម្ពុជាបាននាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ។ ចំណែកផ្នែកឧស្សាហកម្មផលិតវិញ, បានងើបឡើងវិញជាបណ្តើរៗផងដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ ។ ចំពោះអាជីវកម្មបោះដុំនិងលក់រាយ បានកំពុងប្រឹងងើបឡើងវិញក្នុងល្បឿនយឺត ខណៈសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ងើបឡើងវិញបន្តិចម្តងៗ ៕
អត្ថបទ ៖ សុន រ៉ាឌី
