ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំអគ្គនាយកដ្ឋានកៅស៊ូ ឱ្យបង្កើតការប្រកួតប្រជែងអ្នកចៀរជ័រ ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានអ្នកជំនាញចៀរជ័រក្នុងស្រុកឱ្យបានច្រើនថែមទៀត ដើម្បីជំរុញឱ្យវិស័យកៅស៊ូកាន់តែមានភាពសកម្មរស់រវើក។
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានកៅស៊ូ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែង និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ។ ឯកឧត្តម បានបញ្ជាក់ថា គោលនយោបាយរបស់ក្រសួងនៅក្នុងអាណត្តិនេះ គឺត្រូវធានាឱ្យបាននូវសន្តិសុខស្បៀង រក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដើម្បីផ្តល់ប្រយោជន៍ ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងការកសាងទំនុកចិត្តពីសហគមន៍ក្នុងការចូលរួមថែរក្សាសម្បត្តិធម្មជាតិ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី អគ្គនាយកដ្ឋានកៅស៊ូ ត្រូវជំរុញវិស័យកៅស៊ូឱ្យមានភាពម្ចាស់ការ ពិនិត្យនិងយកចិត្តទុកដាក់បន្ថែមទៀតក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃឱ្យបានល្អ តាមរយៈការកៀងគរការវិនិយោគឧស្សាហកម្ម សំដៅធានាទាំងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ប្រកបដោយគុណភាព និងតម្លៃបន្ថែមខ្ពស់៕ អត្ថបទ ៖ ឈិត បូរ៉ាវី










