អារ់ាប៊ីសាអ៊ូឌីត ៖ ក្រសួងការបរទេសរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយ នៅថ្ងៃសុក្រ (ទី១២ ខែមករា) នេះថា អារ៉ាប៊ីសាអ៊ូឌីតបានអំពាវនាវឲ្យមានការអត់ធ្មត់ និង «បញ្ចៀសការកើនឡើងនូវការប្រយុទ្ធកាន់តែខ្លាំង» ដែលជាប្រតិកម្មតបនឹងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសលើទីតាំងនានាដែលជាប់ទាក់ទងនឹងចលនាហួទី ក្នុងប្រទេសយេម៉ែន។
ក្រសួងការបរទេសបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា អារ៉ាប៊ីសាអ៊ូឌីត ដែលនៅប៉ុន្មានខែថ្មីៗនេះ បានចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយក្រុមហួទីរបស់យេម៉ែន កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់អមដោយ «ការព្រួយបារម្ភយ៉ាងខ្លាំង»។
ក្រសួងបានបន្ថែមថា៖ «ព្រះរាជាណាចក្រអំពាវនាវឲ្យយកចិត្តទុកដាក់លើសារៈសំខាន់នៃការរក្សាសន្តិសុខ និងស្ថិរភាពនៃតំបន់សមុទ្រក្រហម ដោយសារតែសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងសមុទ្រនេះ គឺជាតម្រូវការអន្តរជាតិ»។
ចលនាហួទី ជាក្រុមមានសម្ព័ន្ធជាមួយអ៊ីរ៉ង់ ដែលគ្រប់គ្រងដែនដីភាគច្រើននៃប្រទេសយេម៉ែន បន្ទាប់ពីមានសង្រ្គាមជិតមួយទសវត្សរ៍ប្រឆាំងនឹងក្រុមចម្រុះដែលគាំទ្រដោយលោកខាងលិច និងដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានលេចឡើងជាអ្នកគាំទ្រដ៏រឹងមាំនៃក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីន ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល។ ក្រុមនេះបាននិងកំពុងវាយប្រហារលើនាវាពាណិជ្ជកម្មដែលខ្លួននិយាយថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឬកំពុងធ្វើដំណើរឆ្ពោះទៅកំពង់ផែអ៊ីស្រាអែល៕

