អាមេរិក ៖ លោក Abdel-Malek al-Houthi គឺជាមេដឹកនាំរបស់ក្រុមឧទ្ទាមហ៊ូធី និយាយនៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ថា រាល់ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើក្រុមឧទ្ទាមហ៊ូធី នឹងមិនធ្វើឡើងដោយគ្មានការឆ្លើយតបនោះទេ ។
លោកថា រាល់ការឆ្លើយតបណាមួយនឹងមានទ្រង់ទ្រាយធំជាងការវាយប្រហារកាលពីពេលថ្មីៗនេះ ពេលដែលយានដ្រូន និងមីស៊ីលរបស់ពួកគេ មានគោលដៅលើនាវាសហរដ្ឋអាមេរិកនៅក្នុងសមុទ្រក្រហម ។
មេដឹកនាំក្រុមឧទ្ទាមហ៊ូធីរូបនេះ និយាយទៀតថា ពួកយើងបានប្តេជ្ញាចិត្តបន្ត និងមានគោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ហើយពួកយើងនឹងមិនរុញរាចិត្តជាដាច់ខាត ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារប្រឆាំងនឹងទីតាំងនានាដែលមានទំនាក់ទំនងជាមួយចលនាឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន ជាលើកដំបូងនៅក្នុងប្រទេសនេះ ចាប់តាំងពីក្រុមគាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានចាប់ផ្តើមដាក់គោលដៅលើនាវាដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហមកាលពីចុងឆ្នាំមុន ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា ការវាយប្រហារដែលបានដាក់គោលដៅទាំងនេះ គឺជាសារច្បាស់លាស់ដែលថា សហរដ្ឋអាមេរិក និងប្រទេសដៃគូរបស់យើង នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើមនុស្សរបស់ពួកយើង ឬអនុញ្ញាតឲ្យក្រុមអរិភាព ប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍នោះឡើយ ៕

