ចិន ៖ ទិន្នន័យគយ នៅថ្ងៃសុក្រ (ទី១២ ខែមករា) នេះ បានបង្ហាញថា ការនាំចូលប្រេងឆៅប្រចាំឆ្នាំរបស់ប្រទេសចិន បានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងឆ្នាំ២០២៣ ខណៈដែលតម្រូវការប្រេងឥន្ធនៈ បានងើបឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាត ទោះបីជាមានវិបត្តិសេដ្ឋកិច្ចក៏ដោយ។
ទិន្នន័យពីរដ្ឋបាលទូទៅនៃគយចិនបានបង្ហាញថា ប្រទេសចិនបាននាំចូលប្រេងឆៅ ១១ភាគរយបន្ថែមទៀតកាលពីឆ្នាំមុន ធៀបនឹងឆ្នាំ២០២២ មានចំនួន ៥៦៣,៩៩លានតោន ពោលគឺស្មើនឹង ១១,២៨លានបារ៉ែល ក្នុងមួយថ្ងៃ (bpd) ដោយកើនឡើងពីកំណត់ត្រាកាលពីមុន ១០,៨១លានបារ៉ែល ក្នុង២០២០។
ការនាំចូលក្នុងខែធ្នូ មានចំនួនសរុប ៤៨,៣៦លានតោន ឬ ១១,៣៩លានបារ៉ែលក្នុងមួយថ្ងៃ ដោយកើនឡើងពីខែវិច្ឆិកា ១០,៣៣លានបារ៉ែលក្នុងមួយថ្ងៃ។ កម្រិតដឹកជញ្ជូនអ្នកដំណើរក្នុងស្រុក បានកើនឡើងជាលំដាប់រហូតដល់ឆ្នាំ២០២៣ បន្ទាប់ពីប្រទេសនេះបានបញ្ចប់ភ្លាមនូវការរឹតបន្តឹង ដើម្បីទប់ស្កាត់ជំងឺរាតត្បាត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ បើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគអាកាសចរណ៍ OAG បានឲ្យដឹងថា ចរាចរណ៍ផ្លូវអាកាសក្នុងស្រុក ក៏បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សដែរ ដោយកើនឡើង ២៧ភាគរយកាលពីឆ្នាំមុន ដែលឡើងដល់កម្រិតខ្ពស់បំផុតថ្មី នៅក្នុងខែធ្នូ។
តែយ៉ាងក្ដី តម្រូវការប្រេងម៉ាស៊ូតក្នុងស្រុកមានការថយចុះ ចំពេលមានការធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងវិស័យសំណង់ និងទស្សនវិស័យមិនច្បាស់លាស់ សម្រាប់វិស័យផលិតកម្ម។ កំណើនតម្រូវការប្រេងរបស់ចិនត្រូវបានអ្នកវិភាគព្យាករថា នឹងថយចុះមកត្រឹមប្រហែល ៤ភាគរយក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដោយសារបញ្ហាទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ ទោះបីជាកំណើនមធ្យមនៃទិន្នផលក្នុងស្រុក នឹងបន្តគាំទ្រដល់កម្រិតនាំចូលក៏ដោយ។
ទិន្នន័យ នៅថ្ងៃសុក្រនេះ ក៏បានបង្ហាញពីការនាំចូលឧស្ម័នធម្មជាតិរបស់ចិន ដែលរួមមានទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នបំពង់ បានកើនឡើង ៩,៩ភាគរយ ពោលគឺឡើងដល់ ១១៩,៩៧លានតោនក្នុងឆ្នាំ២០២៣។ ណោះជាចំនួនខ្ពស់បំផុតទី២ ក្នុងកំណត់ត្រា បន្ទាប់ពីឆ្នាំ២០២១ នៅពេលដែលប្រទេសចិនបានធ្វើការនាំចូលដល់ទៅ ១២១,៤លានតោន៕

