អាហ្វ្រិក ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាហ្វ្រិកខាងត្បូង បានអំពាវនាវដល់តុលាការពិភពលោកបញ្ជាឲ្យផ្អាកបន្ទាន់ប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ស្របពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ចាប់ផ្តើមសវនាការលើករណីប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែល ហើយពួកគេបានប្រដូចប្រតិបត្តិការសឹករបស់អ៊ីស្រាអែលទៅនឹងអំពើប្រល័យពូជសាសន៍រវ៉ាន់ដា ។
ការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេល ៣ខែកន្លងមកនេះ បានសម្លាប់មនុស្សជាង ២៣.០០០នាក់នៅក្នុងតំបន់ហ្គាហ្សា និងបានធ្វើឲ្យជនប៉ាឡេស្ទីនស្ទើតែទាំងអស់ក្នុងចំណោមពលរដ្ឋសរុប ២,៣លាននាក់នៅក្នុងដែនដីបិទច្រកមួយនេះ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។
ការបិទច្រករបស់អ៊ីស្រាអែល បានរឹតត្បិតការផ្គត់ផ្គង់ស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថដល់តំបន់ហ្គាហ្សា បង្កើតឲ្យមានគ្រោះថ្នាក់មនុស្សធម៌ដ៏អាក្រក់បំផុត ។
អ៊ីស្រាអែលនិយាយថា មធ្យោបាយតែមួយគត់របស់ពួកគេ គឺត្រូវបោសសម្អាតឲ្យអស់ក្រុមហាម៉ាស់ គឺជាក្រុមជីវពលគ្រប់គ្រងតំបន់ហ្គាហ្សា ដែលក្រុមសកម្មប្រយុទ្ធរបស់ពួកគេ បានវាយប្រហារតំបន់សហគមន៍ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៤០នាក់ ។
ករណីដែលដាក់ជូនដោយអាហ្វ្រិកខាងត្បូងនៅតុលាការយុត្តិធម៌អន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចោទប្រកាន់អ៊ីស្រាអែលថាបានបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ ដែលត្រូវបានគេអនុម័តឡើង ស្របពេលកើតមានការធ្វើឃាតជនជាតិជ្វីហ្វទ្រង់ទ្រាយធំក្នុងរបបប្រល័យពូជសាសន៍ហូឡូកូស អំឡុងសង្រ្គាមលោកលើកទី ២ ដែលអនុសញ្ញានេះតម្រូវឲ្យប្រទេសទាំងអស់នាធាថា ឧក្រិដ្ឋកម្មបែបនេះ នឹងមិនកើតមានម្តងទៀតជាដាច់ខាត ៕

