ស៊ីរី ៖ រដ្ឋាភិបាលស៊ីរី បានបន្តការអនុម័តរបស់ខ្លួនសម្រាប់ជំនួយមនុស្សធម៌ ដែលត្រូវប្រគល់ទៅឲ្យផ្នែកដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅភាគពាយ័ព្យរបស់ប្រទេសនេះ តាមរយៈច្រកព្រំដែនជាមួយប្រទេសទួរគីសម្រាប់រយៈពេល ៦ខែទៀត។
អង្គការសហប្រជាជាតិ បាននិងកំពុងប្រើប្រាស់ច្រក Bab al-Hawa ឆ្លងកាត់ពីប្រទេសទួរគី ដើម្បីផ្តល់ជំនួយដល់មនុស្សរាប់លាននាក់ នៅភាគពាយព្យប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ២០១៤ ដោយមានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ការឆ្លងកាត់ច្រកនេះ បានផុតកំណត់ នៅពាក់កណ្តាលឆ្នាំ ២០២៣ បន្ទាប់ពីអង្គការដែលមានសមាជិកចំនួន១៥ មិនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបន្តវា ហើយបន្ទាប់មករដ្ឋាភិបាលស៊ីរី បាននិយាយថា អង្គការសហប្រជាជាតិ អាចបន្តប្រើប្រាស់ច្រក Bab al-Hawa នេះ រយៈពេល ៦ខែទៀត។
នៅក្នុងកំណត់ទូតដែលឃើញដោយសារព័ត៌មានរ៉យទ័រនិងចុះកាលបរិច្ឆេទកាលពីថ្ងៃព្រហស្បតិ៍ បេសកកម្មរបស់ប្រទេសស៊ីរីទៅកាន់អង្គការសហប្រជាជាតិ បាននិយាយថា ទីក្រុងដាម៉ាស នឹងបន្តការអនុញ្ញាតរបស់ខ្លួន ដែលត្រូវបានផ្តល់ទៅឲ្យអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់ច្រក Bab al-Hawa សម្រាប់ផ្តល់ជំនួយមនុស្សធម៌ទៅកាន់ភាគពាយ័ព្យនៃប្រទេសស៊ីរីសម្រាប់រយៈពេល ៦ខែបន្ថែមទៀតរហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៤។
ទីក្រុងដាម៉ាស ក៏បានអនុញ្ញាតឲ្យអង្គការសហប្រជាជាតិបញ្ជូនជំនួយតាមរយៈច្រកព្រំដែនទួរគីពីរផ្សេងទៀតបន្ទាប់ពីការរញ្ជួយដី បានសម្លាប់មនុស្សជាង ៥០.000 នាក់ នៅក្នុងប្រទេសទួរគី និងស៊ីរី កាលពីឆ្នាំមុន។

