ចិន ៖ នៅថ្ងៃសុក្រនេះ ចិននិយាយថា ខ្លួនបានសម្រួលដល់កិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងរបបសឹកមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមមីយ៉ាន់ម៉ា នៅទីក្រុង Kunming របស់ចិនកាលពីថ្ងៃទី ១០ និងថ្ងៃទី ១១ ខែមករាកន្លងទៅ ហើយភាគីទាំង ២បានឯកភាពលើការបញ្ឈប់ការប្រយុទ្ធគ្នា និងដោះស្រាយជម្លោះតាមរយៈតុចរចា ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning និយាយថា ភាគីទាំង ២បានសន្យាផងដែរថាមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមព្រំដែនចិននោះឡើយ ។
លោកស្រី Mao និយាយថា ការរក្សាសន្ទុះបទឈប់បាញ់ និងកិច្ចពិភាក្សានៅតំបន់ភាគខាងជើងមីយ៉ាន់ម៉ា ស្ថិតនៅក្នុងផលប្រយោជន៍របស់ភាគីទាំងអស់នៅសហភាពមីយ៉ាន់ម៉ា ហើយវានឹងជួយរក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា ។
លោកស្រីបន្តថា ចិនសង្ឃឹមជឿជាក់ថា ភាគីពាក់ព័ន្ធនឹងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឈានដល់ បន្តអត់ធ្មត់ខ្លាំងបំផុត បន្តដោះស្រាយបញ្ហាតាមរយៈកិច្ចចរចា និងការពិគ្រោះយោបល់ ហើយនិងរួមគ្នាលើកកម្ពស់វឌ្ឍនភាពក្នុងដំណើរការស្វែងរកសន្តិភាពនៅតំបន់ភាគខាងជើងមីយ៉ាន់ម៉ា ។
ទីក្រុងប៉េកាំង បាននិយាយផងដែរថា កាលពីខែមុន ភាគីពាក់ព័ន្ធបានយល់ព្រមលើបទឈប់បាញ់បណ្តោះអាសន្ន និងការការជជែកដេញដោល ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្តនៅរដ្ឋភាគខាងជើង Shan និងតំបន់ផ្សេងទៀតនៅក្នុងប្រទេស ក្នុងនោះក្រុមឧទ្ទាមដណ្តើមបានការគ្រប់គ្រងទីក្រុងពាណិជ្ជកម្មសំខាន់ Laukkai ស្ថិតតាមព្រំដែនចិនកាលពីសប្តាហ៍មុន ។
សូមបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលឈ្នះឆ្នោតកាលពីឆ្នាំ ២០២១ បានធ្វើសង្រ្គាមជាមួយក្រុមឧទ្ទាមដែលតស៊ូដើម្បីបញ្ចប់ការគ្រប់គ្រងរបស់របបសឹកនៅក្នុងតំបន់របស់ពួកគេ ចាប់តាំងពីចុងខែតុលា ឆ្នាំ ២០២៣រហូតមក ស្របពេលកើតមានផងដែរ អំពើហិង្សាដ៏តានតឹងនៅតាមតំបន់ព្រំដែនភាគខាងជើងជាមួយប្រទេសចិន ៕

