
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រមុខការពារជាតិកូរ៉េខាងត្បូង បានអំពាវនាវឲ្យរក្សាសមត្ថភាពប្រតិបត្តិការ ដើម្បីកម្ទេចមេដឹកនាំរបស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Shin Won-sik បានធ្វើការអធិប្បាយនេះ នៅពេលលោកទៅទស្សនកិច្ច ភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ នៅទីក្រុង Daejeon ដែលមានចម្ងាយ ១៣៩ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល ប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បាននិយាយថា លោកគ្មានចេតនាចង់ជៀសវាងសង្រ្គាមជាមួយកូរ៉េខាងត្បូងនោះទេ។
លោក Shin ត្រូវបានដកស្រង់សម្តីដោយក្រសួងនេះថា៖«ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង (យើង) ត្រូវតែបំពាក់ដោយសមត្ថភាពសម្រាប់ប្រតិបត្តិការទណ្ឌកម្ម និងការសងសឹកដ៏ធំរបស់កូរ៉េ (KMPR) គ្រប់ពេលវេលា»។
KMPR សំដៅលើផែនការប្រតិបត្តិការមួយ ដើម្បីធ្វើឲ្យមេដឹកនាំកូរ៉េខាងជើងអសមត្ថភាព នៅក្នុងជម្លោះដ៏ធំមួយ។ វាគឺជាសសរស្តម្ភនៃប្រព័ន្ធរារាំង «អ័ក្សបី» របស់យោធាដែលរួមមានកម្មវិធីវាយប្រហារទុកជាមុន Kill Chain និងប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់កូរ៉េនេះ។
ការិយាល័យរបស់ខ្លួន បាននិយាយថា លោក Shin បានត្រួតពិនិត្យប្រព័ន្ធសព្វាវុធដែលកំពុងត្រូវបានបង្កើតឡើងសម្រាប់ប្រព័ន្ធអ័ក្សបី ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីលើអាកាសទៅដី និងប្រព័ន្ធការពារមីស៊ីលរយៈកម្ពស់ទាប ក៏ដូចជាគ្រឿងយុទ្ធោបករណ៍គ្មានមនុស្សបើកទំនើបៗ រួមទាំងយានដ្រូន បំបាំងកាយ និងអត្តឃាត។
មេដឹកនាំកូរ៉េខាងជើង បានគំរាមកំហែងថា នឹងបំផ្លាញភាគខាងត្បូង ប្រសិនបើខ្លួនព្យាយាមប្រើកម្លាំងប្រឆាំងនឹងកូរ៉េខាងជើង ខណៈដែលលោក បានត្រួតពិនិត្យរោងចក្រផលិតគ្រាប់រំសេវធំៗ នៅដើមសប្តាហ៍នេះ។