ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស តាមរយៈបណ្តាញ BTV ព័ត៌មាន កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានស្នើប្រជាពលរដ្ឋទាំងអស់ កុំឲ្យភ័យខ្លាចរត់ទិញថ្នាំ តាមឱសថស្ថាន ដើម្បីយកមកលេបការពារជំងឺកូវីដ-១៩។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តទៀតថា មកដល់បច្ចុប្បន្ននេះ មិនទាន់មានវិទ្យាសាស្ត្រណាបញ្ជាក់ថា ឬក៏ផ្សព្វផ្សាយណាមួយមានលក្ខណៈបច្ចេកទេសពីអង្គការសុខភាពពិភពលោកកី្ត ឬកន្លែងណាមួយកី្ត ដែលបានបង្ហាញថា រកឃើញឱសថសម្រាប់លេបការពារជំងឺកូវីដ-១៩ ក្រៅតែពីការចាក់វ៉ាក់សាំងទេ។ ព្រោះថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺជួយការពារសរីរាង្គក្នុងខ្លួនយើងកុំឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ។ ដូច្នេះបើគ្មានការវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ យើងមិនចាំបាច់ទៅសម្រាកព្យាបាលនៅក្នុងមនី្ទរពេទ្យ។
ជាចុងក្រោយលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏សូមឲ្យបុគ្គលគ្រប់រូប ត្រូវយល់ឲ្យបានច្បាស់ អនុវត្តន៍ឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ជាទីបំផុតនូវវិធានការការពារខ្លួន គឺ៣កុំ ៣ការពារ។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋអនុវត្តន៍វិធានការនេះបានយ៉ាងម៉ឹងម៉ាត់ នោះបងប្អូនប្រជាពលរដ្ឋ នឹងជៀសផុតពីការឆ្លងមេរោគកូវីដ-១៩៕
អត្ថបទ ៖ រដ្ឋា
