
នៅថ្ងៃសុក្រនេះ រុស្ស៊ី បានថ្កោលទោសសហរដ្ឋអាមេរិក និងអង់គ្លេស សម្រាប់ការវាយប្រហាររបស់យោធាពួកគេនៅយេម៉ែន ដែលទីក្រុងម៉ូស្គូអះអាថា វាគឺជាសកម្មភាពគ្មានទំនួលខុសត្រូវមួយដែលអាចធ្វើឲ្យភាពវឹកវរកាន់តែកើនឡើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមច្រកអាកាស និងតាមច្រកសមុទ្រមកលើគោលដៅយោធារបស់ក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមចលនាគាំទ្រដោយអ៊ីរ៉ង់មួយនេះ លើនាវាដឹកជញ្ជូនក្នុងសមុទ្រក្រហម ។
ប៉ុន្តែរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ និងដៃគូរបស់មហាអំណាចអារ៉ាប់សំខាន់ៗនោះ បានអំពាវនាវឲ្យមានជំនួបបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាលើបញ្ហាមួយនេះ ។
លោកស្រី Maria Zakharova គឺជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពគ្មានទំនួលខុសត្រូដោយសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ថមិត្តរបស់ពួកគេ ។
លោកស្រីបន្តថា ការកើនឡើងកម្តៅយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់សមុទ្រក្រហម អាចនឹងបង្កឲ្យកើតមាននិន្នាការដែលធ្វើឲ្យអស្ថិរភាពដល់ស្ថានភាពតំបន់មជ្ឈិមបូព៌ាទាំងមូល ។
រុស្ស៊ី អះអាងថា ពួកគេបានចែករំលែកក្តីកង្វល់នេះផងដែរជាមួយអារ៉ាប៊ីសាអូឌីត និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ ខណៈដែលទីក្រុង Riyadh អំពាវនាវឲ្យមានការអត់ធ្មត់ និងជៀសវៀងការធ្វើឲ្យភាពតានតឹងឡើងកម្តៅកាន់តែខ្លាំង ហើយពួកគេនឹងតាមដានស្ថានភាពមួយនេះ ដោយយកចិត្តទុកដាក់បំផុត ៕