
ក្រុមហ៊ុន Tesla (TSLA.O) នឹងផ្អាកការផលិតរថយន្តភាគច្រើន នៅរោងចក្រ ដែលមានទីតាំងនៅក្បែរទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ដោយលើកឡើងពីកង្វះគ្រឿងបន្លាស់ បន្ទាប់ពីមានការផ្លាស់ប្តូរផ្លូវដឹកជញ្ជូន ដោយសារការវាយប្រហារលើនាវានៅសមុទ្រក្រហម។
ការបញ្ឈប់ការផលិតដោយផ្នែកនេះ គឺជាភស្តុតាងដែលបង្ហាញថា វិបត្តិនៅសមុទ្រក្រហមបានប៉ះពាល់ដល់ប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់អឺរ៉ុប ដោយបញ្ហានេះត្រូវបានបង្កឡើងដោយក្រុមសកម្មប្រយុទ្ធហួទីគាំទ្រដោយអ៊ីរ៉ង់ ដែលបានវាយប្រហារលើនាវាពាណិជ្ជកម្មនានា ដើម្បីជាការបង្ហាញការគាំទ្រដល់ក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីន ដែលកំពុងប្រយុទ្ធជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកមួយនេះ គឺជាក្រុមហ៊ុនដំបូងគេហើយ ដែលបង្ហាញពីការផ្អាកនូវផលិតកម្មរបស់ខ្លួន ដោយសារតែការរំខាននេះ។
ក្រុមហ៊ុន Tesla បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ជម្លោះប្រដាប់អាវុធ នៅសមុទ្រក្រហម និងការផ្លាស់ប្តូរផ្លូវដឹកជញ្ជូន ដែលតភ្ជាប់រវាងតំបន់អឺរ៉ុប និងអាស៊ី តាមរយៈជ្រោយ Cape of Good Hope ក៏កំពុងជះឥទ្ធិពលដល់ការផលិតនៅទីក្រុង Gruenheide ផងដែរ។ ពេលវេលាដឹកជញ្ជូនយូរជាងមុនពេក កំពុងបង្កើតឲ្យមានចន្លោះប្រហោងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់»។
ការរអាក់រអួលលើផលិតកម្មនេះធ្វើឲ្យក្រុមហ៊ុន Tesla មានសម្ពាធបន្ថែមទៀត ស្របពេលដែលក្រុមហ៊ុនក៏កំពុងតទល់នឹងវិវាទការងារជាមួយសហជីពពាណិជ្ជកម្មស៊ុយអែត IF Metall ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចរចារួម ដែលបង្កឲ្យមានកូដកម្មគាំទ្រពីសហជីពជាច្រើន នៅទូទាំងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបខាងជើង៕