
រដ្ឋមន្ត្រីទទួលបន្ទុកសេវាស៊ើបការណ៍ប៉ូឡូញ បាននិយាយថា ប្រទេសប៉ូឡូញបាននិងកំពុងធ្វើការរួមជាមួយសម្ព័ន្ធមិត្ត ដើម្បីជួយដល់ការស៊ើបអង្កេត ជុំវិញការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ដោយបានបដិសេធរបាយការណ៍សារព័ត៌មានដែលថា ខ្លួនរារាំងការស៊ើបអង្កេតនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters លោក Tomasz Siemoniak បាននិយាយថា រដ្ឋអាជ្ញារបស់ប្រទេស បាននិងកំពុងផ្តល់ព័ត៌មានដល់ក្រុមអ្នកស៊ើបអង្កេតអឺរ៉ុប ហើយអាចរួមចំណែកផ្ដល់ធនធានបន្ថែមទៀត សម្រាប់ការស៊ើបអង្កេត ប្រសិនបើមានការស្នើសុំ។
លោក Siemoniak បាននិយាយថា៖ «មានការប្រជុំនៃរដ្ឋអាជ្ញាអាល្លឺម៉ង់ និងប៉ូឡូញ ពាក់ព័ន្ធនឹងករណីនេះ ហើយមិនមានសញ្ញាណាមួយនៃការមិនពេញចិត្តរបស់អ្នកផ្សេងទៀត ដែលបានដោះស្រាយករណីទាំងនេះ។ តាមអ្វីដែលខ្ញុំអាចកំណត់បាន មិនមានស្ថានភាពបង្ហាញពីការខ្វះកិច្ចសហប្រតិបត្តិការ ឬកំហុសដោយចេតនាណាមួយ ដែលធ្វើឡើងដោយនរណាម្នាក់នោះទេ»។
សូមបញ្ជាក់ថា បំពង់បង្ហូរ Nord Stream ដែលតភ្ជាប់រុស្ស៊ីទៅប្រទេសអាល្លឺម៉ង់នៅក្រោមសមុទ្របាល់ទិកត្រូវបានបំផ្ទុះ កាលពីខែកញ្ញា ឆ្នាំ២០២២។ ហើយសារព័ត៌មាន Wall Street Journal ដោយដកស្រង់សម្តីអ្នកស៊ើបអង្កេតអ៊ឺរ៉ុបដែលធ្វើការលើករណីនេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍កាលពីដើមខែនេះថា មន្ត្រីប៉ូឡូញមិនព្រមផ្ដល់ការសហការជាមួយនឹងការស៊ើបអង្កេតនេះ និងមិនបានបង្ហាញពីភ័ស្តុតាងសំខាន់ៗដែលអាចជាពាក់ព័ន្ធនោះទេ៕