
ឆ្មាំល្បាតឆ្នេរសមុទ្រឥណ្ឌា និងជប៉ុនបានចាប់ផ្តើមសមយុទ្ធរួមគ្នាមួយ នៅឆ្នេរសមុទ្រ Chennai ភាគខាងត្បូង នៅថ្ងៃសុក្រ (ទី១២ ខែមករា) នេះ។
សមយុទ្ធនេះគឺជាផ្នែកមួយនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដែលប្រទេសទាំង២ បានចុះហត្ថលេខា ក្នុងឆ្នាំ២០០៦ ដោយក្នុងនោះប្រទេសទាំង២ បានសន្យាថា នឹងជំរុញទំនាក់ទំនងរវាងឆ្មាំល្បាតឆ្នេរសមុទ្រ។ នាវាឆ្មាំឆ្នេរល្បាតសមុទ្ររបស់ប្រទេសជប៉ុន «Yahima» បានទៅដល់ទីក្រុង Chennai កាលពីថ្ងៃអង្គារ (ទី១០ ខែមករា) ហើយទទួលបានការស្វាគមន៍តាមបែបប្រពៃណីពីឆ្មាំឆ្នេរល្បាតសមុទ្រឥណ្ឌា។
ក្នុងពេលធ្វើសមយុទ្ធនេះ ឆ្មាំល្បាតឆ្នេរបានធ្វើសមយុទ្ធ ដើម្បីជួយសង្គ្រោះមនុស្សក្នុងករណីមានគ្រោះអគ្គិភ័យ ឬការធ្លាយប្រេង។ ប្រទេសជប៉ុន ឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក គឺជាសមាជិកនៃក្រុមប្រទេស Quad ដែលធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីបង្ហាញពីអន្តរប្រតិបត្តិការ៕