
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសុក្រ ថា អ៊ីស្រាអែល បានចរចារកិច្ចព្រមព្រៀងមួយជាមួយប្រទេសកាតា ដើម្បីទទួលបានថ្នាំពេទ្យចូលទៅដល់ចំណាប់ថ្នូរ ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។
ការិយាល័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀង «នឹងអនុញ្ញាតឱ្យនាំចូលថ្នាំពេទ្យសម្រាប់ចំណាប់ថ្នូរ ដែលឃុំខ្លួនដោយអង្គការភេរវកម្មក្រុមហាម៉ាសនៅហ្កាហ្សា» ដែលនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភពស្និទ្ធទៅនឹងក្រុមហាម៉ាស បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា កិច្ចពិភាក្សាស្តីពីជំនួយសម្រាប់ចំណាប់ថ្នូរបានធ្វើឡើង ប៉ុន្តែពុំបានបញ្ជាក់ពីដំណាក់កាលនៃការចរចានេះទេ។
យោងតាមតួលេខរបស់អ៊ីស្រាអែល បានឱ្យដឹងថា ចំណាប់ថ្នូរប្រហែល ២៥០នាក់ ត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្នុងអំឡុងការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ អ៊ីស្រាអែលនិយាយថាមនុស្ស ១៣២នាក់ នៅតែជាប់ឃុំខ្លួន ទោះបីជា២៥នាក់ ក្នុងចំណោមអ្នកទាំងនេះ ត្រូវបានគេជឿថាបានស្លាប់ក៏ដោយ។ ក្រុមគ្រួសាររបស់ចំណាប់ថ្នូរ បានបង្កើតក្រុមយុទ្ធនាការទម្រង់ធំមួយ ជាវេទិកាចំណាប់ថ្នូរ និងគ្រួសារអ្នកបាត់ខ្លួន ដើម្បីជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល បង្កើនកិច្ចខិតខំប្រឹងប្រែងឱ្យចំណាប់ថ្នូរ ត្រូវបានដោះលែង។
ការរាយការណ៍បានផ្សាយថា អ្នកជាប់ឃុំ មានសុខភាពខ្សោយ ខ្លះមានជំងឺ និងខ្លះទៀតមានរបួស។