ការវាយប្រហារនាពេលថ្មីៗនេះ ទៅលើក្រុមហ៊ួទី នៅប្រទេសយេម៉ែន មិនទំនងជា អាចបញ្ចប់ការគំរាមកំហែង ដែលពួកគេបានបង្កដល់ការដឹកជញ្ជូនអន្តរជាតិនោះទេ។
កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានកំណត់គោលដៅជិត ៣០ កន្លែង ដោយប្រើប្រាស់គ្រាប់រំសេវជាង ១៥០គ្រាប់ពេញមួយយប់ វាយលុកលើយានដ្រូន មីស៊ីល និងហេដ្ឋារចនាសម្ព័ន្ធរ៉ាដា ដែលក្រុមឧទ្ទាម បានប្រើប្រាស់ដើម្បីវាយប្រហារម្តងហើយម្តងទៀត លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សហរដ្ឋអាមេរិក នៅតែមានជម្រើសយោធាបន្ថែម ហើយមន្ត្រីកំពូលៗ បានព្រមានពីសកម្មភាពបន្ថែមទៀត ប្រសិនបើការវាយប្រហារនៅតែបន្ត ប៉ុន្តែយុទ្ធនាការតាមអាកាសដែលបានពង្រីក នៅក្នុងប្រទេសយេម៉ែន ក៏មានហានិភ័យនៃការកើនឡើងជាមួយប្រទេសអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន ចង់បញ្ចៀស។
ឧត្តមសេនីយ លោក Douglas Sims របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រទី ១២ ខែមករា ថា ក្រុមឧទ្ទាមហ៊ូទី បានបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ ហើយបង្ហាញថា លោករំពឹងថានឹងមានការវាយប្រហារកាន់តែច្រើនថែមទៀត។
លោក បានប្រាប់អ្នកសារព័ត៌មានថា វោហាសាស្ត្ររបស់ក្រុមហ៊ួទី ពិតជាខ្លាំង និងខ្ពស់។ លោក រំពឹងថា ពួកគេនឹងព្យាយាមសងសឹកតាមបែបណាមួយ។