ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានច្រានចោល ចំពោះបទចោទប្រកាន់ «បំភ្លៃធ្ងន់ធ្ងរ» ដែលនាំមកដោយប្រទេសអាហ្វ្រិកខាងត្បូងនៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដែលថា ប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា គឺជាយុទ្ធនាការប្រល័យពូជសាសន៍ដឹកនាំដោយរដ្ឋនេះ ប្រព្រឹត្តលើពលរដ្ឋប៉ាឡេស្ទីន។ អ៊ីស្រាអែល បានអំពាវនាវឱ្យចៅក្រមច្រានចោលសំណើរបស់ប្រទេសអាហ្រ្វិកខាងត្បូងក្នុងការឲ្យបញ្ឈប់ការវាយលុករបស់ខ្លួន។ ប្រទេសអាហ្រ្វិកខាងត្បូង ដែលបានដាក់ពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីខែធ្នូ បានស្នើឱ្យចៅក្រម ដាក់វិធានការបន្ទាន់ដោយបង្គាប់ឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារភ្លាមៗ។ ប្រទេសនេះនិយាយថា ការវាយប្រហារតាមអាកាស និងដីគោក របស់អ៊ីស្រាអែល ដែលបានបំផ្លាញតំបន់ហ៊ុមព័ទ្ធឆ្នេរដ៏តូចចង្អៀត និងបានសម្លាប់មនុស្សជាង ២៣.០០០នាក់ ដែលនេះយោងទៅតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា ហើយមានគោលបំណងបំផ្លាញប្រជាជន នៅតំបន់ហ្គាហ្សា។ ទីប្រឹក្សាច្បាប់របស់ក្រសួងការបរទេសអ៊ីស្រាអែល លោក Tal Becker បានប្រាប់តុលាការថា ការបកស្រាយរបស់ប្រទេសអាហ្វ្រិកខាងត្បូងអំពីព្រឹត្តិការណ៍ ត្រូវបាន «បំភ្លៃយ៉ាងធ្ងន់ធ្ងរ»។ លោក Becker បាននិយាយថា ការរងទុក្ខដ៏គួរឱ្យរន្ធត់របស់ជនស៊ីវិល ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាលទ្ធផលដំបូង និងសំខាន់បំផុតនៃយុទ្ធសាស្ត្ររបស់ក្រុមហាម៉ាស ហើយ អ៊ីស្រាអែល មានសិទ្ធិការពារខ្លួន។ ក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលថាក្រុមសកម្មប្រយុទ្ធរបស់ខ្លួនកំពុងលាក់ខ្លួននៅក្នុងចំណោមជនស៊ីវិល។ លោក Becker បាននិយាយថា អ៊ីស្រាអែលស្ថិតនៅក្នុងសង្រ្គាមការពារ ប្រឆាំងក្រុមហាម៉ាស ពុំមែនប្រឆាំងប្រជាជនប៉ាឡេស្ទីននោះទេ និងដើម្បីធានាបានថាក្រុមនេះមិនបានជោគជ័យនោះទេ ហើយសមាសធាតុសំខាន់នៃអំពើប្រល័យពូជសាសន៍ គឺចេតនាបំផ្លាញប្រជាជនទាំងមូល ឬមួយផ្នែក ជាសរុបគឺខ្វះ ទាំងស្រុង។
អ្នកគាំទ្រប៉ាឡេស្ទីន ដែលមានទង់ជាតិបានដើរក្បួនកាត់ទីក្រុងឡាអេ ហើយមានផែនការមើលដំណើរការសវនាការនៅលើអេក្រង់ដ៏ធំខាងមុខវិមានសន្តិភាព។ នៅពេលដែលលោក Becker និយាយ ក្រុមអ្នកតវ៉ាបានស្រែកថា «មនុស្សកុហក! មនុស្សកុហក!»