បាល់ទាត់៖ ក្រុមជើងឯក Copa America ៩សម័យប្រេស៊ីលនៅតែរក្សាស្ថិតិឈ្នះរហូតរបស់ខ្លួនក្នុងពូល បន្ទាប់ពីវាយបកយកឈ្នះកូឡុំប៊ី ២-១ ប្រកួតទី៣ ក្នុងពូល B នេះ។

បន្ទាប់ពីយកឈ្នះវេណេហ្សុយអេឡា ៣-០ ប្រកួតដំបូង, យកឈ្នះប៉េរូ ៤-០ ប្រកួតទី២ ឈានដល់ប្រកួតទី៣ នេះ ប្រេស៊ីលរបូតគ្រាប់បាល់ដំបូងនៅ Copa America ឆ្នាំនេះនៅពេល Luiz Diaz បើកការនាំមុខឲ្យកូឡុំប៊ីតាំងពីនាទីទី១០ និងនាំមុខរហូតជិតចប់ការប្រកួត។ ឈានដល់នាទីទី៧៨ ខ្សែប្រយុទ្ធ Liverpool, Roberto Firmino គឺជាអ្នករកគ្រាប់តាមស្មើបានសំរេចឲ្យប្រេស៊ីល ដែលជាគ្រាប់បាល់ដ៏ចម្រូងចម្រាស ពោលគឺក្រុមកូឡុំប៊ីនាំគ្នាតវ៉ាដោយបាល់នេះប៉ះនឹងអាជ្ញាកណ្ដាល តែលោក Nestor Pitana រៀបនឹងផ្លុំកញ្ចែទៅហើយ តែបាល់ចំណេញទៅខាងប្រេស៊ីលក៏បន្តឱ្យលេងរហូតមានគ្រាប់បាល់។ កីឡាកររបស់កូឡុំប៊ីបានតវ៉ាជាច្រើននាទី និងមានការប៉ះទង្គិចគ្នាដែរ ហើយការប្រកួតនៅតែបន្តបានដោយអាជ្ញាកណ្តាល ក៏បន្ថែមម៉ោងបង្គ្រប់ច្រើននាទីដែរ។
ឈានដល់នាទីទី៩០+១០ ទៅហើយប្រេស៊ីលក៏រកបានគ្រាប់ជ័យជំនះដោយ Casemiro។ ជ័យជំនះនេះធ្វើឲ្យប្រេស៊ីលបន្តឈរលើគេក្នុងពូល B នេះមាន ៩ពិន្ទុពេញពីការប្រកួត ៣លើក ខណៈកូឡុំប៊ីនៅតែឈរលេខ២ មាន ៤ពិន្ទុតែមានកៅអីនៅជុំបន្តរួចហើយ។ ចំណែកមួយគូទៀតក្នុងពូលនេះដែរ ប៉េរូវាយបកតាមស្មើអេក្វាដ័រ ២-២ បន្ទាប់ពីអេក្វាដ័រនាំមុខពីរគ្រាប់មុននៅវគ្គទី១។ ពីរក្រុមនេះរួមជាមួយវេណេហ្សុយអេឡា មិនទាន់អស់ឱកាសទៅជុំបន្តនៅឡើយដោយរង់ចាំប្រកួតចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ