ប្រជាជនយេម៉ែនរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងសាណា(Sanaa) កាលពីថ្ងៃសុក្រ ដើម្បីថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ទៅលើប្រទេសរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ួទី លើការដឹកជញ្ជូននៅសមុទ្រក្រហម។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសរាប់សិបលើកលើគោលដៅយោធាក្រុមហ៊ួទីពេញមួយយប់ ដោយពង្រីករលកនៃជម្លោះប្រចាំតំបន់ ដែលកើតឡើងដោយសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។
មន្ត្រីប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ួទី លោក អាប់ឌុលរ៉ាម៉ាន អាល់ អានួននី(Abdulrahman Al-Ahnouni) បាននិយាយថា ពួកគេនឹងទទួលរងធ្ងន់ធ្ងរសម្រាប់ការឈ្លានពាននេះ។
បន្ទាប់ពីអ្នកគ្រប់គ្រងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា បង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា នោះក្រុមហ៊ួទីសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារតាមផ្លូវដឹកជញ្ជូននិងបានបាញ់យានដ្រូន និងមីស៊ីល ចូលទៅអ៊ីស្រាអែល ដោយនិយាយថាពួកគេនឹងមិនបញ្ឈប់នោះទេ រហូតដល់ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានបញ្ឈប់។
ក្រុមហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៅប្រទេសយេម៉ែន បាននិយាយថា ពួកគេនឹងកំណត់គោលដៅលើនាវាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដែលមានចម្ងាយជាង ១.០០០ម៉ាយស៍ ហើយបានព្រមានក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ កុំឱ្យប្រើប្រាស់កំពង់ផែរបស់អ៊ីស្រាអែល។