
ការបោះឆ្នោតដ៏សំខាន់របស់កោះតៃវ៉ាន់ ដើម្បីជ្រើសរើសមេដឹកនាំ និងសភា បានបើកដំណើរការហើយ នៅថ្ងៃសៅរ៍ (ទី១៣ ខែមករា) ខណៈដែលទីក្រុងប៉េកាំងបង្កើនសម្ពាធ ដើម្បីឲ្យកោះនេះទទួលយកការប្រកាសអធិបតេយ្យភាពរបស់ខ្លួន។
គណបក្សដែលកំពុងកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលគាំទ្រអត្តសញ្ញាណផ្ដាច់ខ្លួនរបស់កោះតៃវ៉ាន់ និងច្រានចោលការទាមទារទឹកដីរបស់ប្រទេសចិននោះ កំពុងស្វែងរកអំណាចអាណត្តិទី៣ ជាមួយបេក្ខជនរបស់ខ្លួន ដែលជាមេដឹកនាំលំដាប់ទី២ បច្ចុប្បន្ន គឺលោក Lai Ching-te។ លោក Lai កំពុងប្រឈមមុខនឹងគូប្រជែង ២រូប សម្រាប់តំណែងមេដឹកនាំ គឺលោក Hou Yu-ih របស់គណបក្សប្រឆាំងដ៏ធំបំផុតរបស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) និងអតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je របស់គណបក្សដ៏តូច TPP ដែលទើបតែបង្កើតឡើងក្នុងឆ្នាំ២០១៩។
ប្រទេសចិនដែលមិនដែលបោះបង់នោះឡើយនូវការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បានហៅគណបក្ស DPP ថា ជាក្រុមផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ និងបានជំរុញឲ្យកោះតៃវ៉ាន់ «ជ្រើសឲ្យបានត្រឹមត្រូវ» ដោយកំណត់ការបោះឆ្នោតនេះជាជម្រើស រវាងសង្រ្គាម និងសន្តិភាព។ កោះតៃវ៉ាន់ ជាកោះជិតខាង ដែលចិនអះអាងថា ជារបស់ខ្លួន គឺជារឿងរ៉ាវដ៏ជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ គិតចាប់តាំងពីការបោះឆ្នោតជ្រើសរើសមេដឹកនាំដោយផ្ទាល់ជាលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ១៩៩៦ ដែលជាចំណុចបញ្ចប់នៃការតស៊ូជាច្រើនទសវត្សរ៍ប្រឆាំងនឹងការគ្រប់គ្រងផ្តាច់ការ និងច្បាប់អាជ្ញាសឹក។
ក្រសួងការពារជាតិរបស់ប្រទេសចិន កាលថ្ងៃសុក្រ (ទី១២ ខែមករា) បានព្រមានថា ខ្លួននឹង «កម្ទេចរាល់ផែនការឯករាជ្យរបស់តៃវ៉ាន់» ខណៈដែលក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនចង់ឃើញការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកោះតៃវ៉ាន់ ហើយខ្លួននឹងមិនអាចទទួលយកបាននោះឡើយសម្រាប់ការជ្រៀតជ្រែកពីប្រទេសណាមួយ៕

