
ប្រទេសចិនបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ (ទី១២ ខែមករា) ថា ខ្លួនមានការព្រួយបារម្ភអំពី «ការរាលដាលនៃសង្គ្រាម នៅតំបន់ហ្កាហ្សា» បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសវាយប្រហារនៅប្រទេសយេម៉ែន ព្រមទាំងអំពាវនាវឲ្យមានជំនួយបន្ថែមទៀតចូលទៅកាន់តំបន់ហ្កាហ្សា។
នៅឯក្រុមប្រឹក្សាសន្តិសុខនេះ បណ្ដាប្រទេសសមាជិកត្រូវបានគេផ្តល់រូបភាពដ៏គួរឲ្យសង្វេគនៃគ្រោះមហន្តរាយមនុស្សធម៌ ដែលមានសភាពកាន់តែអាក្រក់ទៅៗ នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយសារការវាយលុករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមឡើង បន្ទាប់ពីការវាយប្រហារយ៉ាងកំរោល កាលពីថ្ងៃទី៧ ខែតុលា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ពីសំណាក់ក្រុមឥស្លាមហាម៉ាសដែលកាន់អំណាចនៅដែនដីនេះ ដោយការវាយប្រហារចំពោះមនុស្សឥតរើសមុខនោះ បានឆក់យកជីវិតមនុស្សប្រហែល ១.២០០នាក់។
ហើយបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនជាង ២៣.០០០នាក់ ត្រូវបានសម្លាប់ និងជាង ៥៨.០០០នាក់ បានរងរបួស ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកដែលខ្លួនបានប្តេជ្ញាថា នឹងបំផ្លាញក្រុមហាម៉ាស។
ក្រុមប្រឹក្សានេះបានជួបប្រជុំគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់ ដែលធ្វើឡើងដោយអាហ្វ្រិកខាងត្បូង នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ ដែលថា ការវាយលុករបស់ខ្លួន គឺជាយុទ្ធនាការប្រល័យពូជសាសន៍ ដែលដឹកនាំដោយរដ្ឋប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន៕