
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី១២ ខែមករា បានលើកឡើងពីការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសចិន ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ចិន លោក Liu Jianchao នៅទីក្រុងវ៉ាស៊ីនតោន ដោយបន្ថែមថា ពួកគេក៏បានពិភាក្សាអំពី «ការរក្សាសន្តិភាព និងស្ថិរភាព» នៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។
មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន បានធ្វើការពិភាក្សាជាទៀងទាត់ នាពេលថ្មីៗនេះ ដើម្បីរក្សាទំនាក់ទំនងបើកចំហរ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២។ កិច្ចប្រជុំកាលពីថ្ងៃទី១២ ខែមករា បានកើតឡើង១ថ្ងៃ នៅមុនការបោះឆ្នោតរបស់កោះតៃវ៉ាន់ ដែលនឹងសាកល្បងកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន និងជាជំនួបចុងក្រោយបង្អស់នៃអន្តរកម្មទ្វេភាគី បន្ទាប់ពីកិច្ចប្រជុំកំពូល កាលពីខែវិច្ឆិកា រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីចិនរបស់លោក Xi Jinping នៅទីក្រុង San Francisco។
ទំនាក់ទំនងរវាងភាគីទាំង២ មានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមទាំងពន្ធពាណិជ្ជកម្ម បញ្ហាកោះតៃវ៉ាន់ សិទ្ធិមនុស្ស និងប្រភពដើមនៃជំងឺកូវីដ-១៩។
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Blinken «បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយលើករណីរបស់ពលរដ្ឋអាមេរិកដែលត្រូវបានឃុំខ្លួនដោយខុសច្បាច់ ឬទទួលរងនូវការហាមឃាត់នូវការចាកចេញ នៅក្នុងប្រទេសចិន និងបានលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីការរំលោភសិទ្ធិមនុស្សរបស់ចិន»។
ក្រសួងបានបន្តថា លោករដ្ឋមន្ត្រីបានរំលឹកឡើងវិញពីសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងនៅក្នុងសមុទ្រចិនខាងត្បូង ហើយក្រសួងបានបន្ថែមថា ភាគីទាំង២ ក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាកូរ៉េខាងជើង និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏ដូចជាស្ថានភាព នៅសមុទ្រក្រហម និងមជ្ឈិមបូព៌ា ដែលអ្នកសង្កេតការណ៍ភ័យខ្លាចពីការរីករាលដាលនៃសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារនៅយេម៉ែន ដោយសហរដ្ឋអាមេរិក និងអង់គ្លេស៕