កណ្ដាល ៖ នៅថ្ងៃទី២៤ ខែមិថុនានេះ គឺជាថ្ងៃដែលខេត្តកណ្តាល បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១ ជូនបណ្តាពលរដ្ឋទូទៅនៅក្នុងខេត្តកណ្តាល ហើយក៏ជាថ្ងៃខេត្តកណ្តាលចាប់ផ្តើមអនុវត្តយុទ្ធនាការចាក់ដូសទី២ជូនពលរដ្ឋទូទៅដែលបានចាក់ដូសទី១រួចហើយ។
សម្រាប់ពលរដ្ឋដែលដល់ថ្ងៃណាត់ចាក់លើកទី២ ចាក់ទុកថា ការចាក់វ៉ាក់សាំងបង្គ្រប់ដូសទី២នេះ គឺមានសារៈសំខានណាស់ ក្នុងការបង្កើតភាពស៊ាំ និងមានអង់ទីគ័រការពារកូវីដ-១៩ គ្រប់គ្រាន់នៅក្នុងសរីរាង្គរបស់គេ។
បើតាមបណ្តាប្រជាពលរដ្ឋមកពីតាមបណ្តាភូមិ ដែលបានចាក់វ៉ាក់សាំងដូសទី១ រួចហើយ នៅក្នុងស្រុកពញាឮខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមិថុនាថា នៅថ្ងៃនេះ សម្រាប់ពលរដ្ឋនៅដែលនៅក្នុងភូមិទួលងោក ភូមិពោធិ៍តូច និងភូមិឃ្លាំងស្បែកក្នុងឃុំកំពង់ហ្លួង ដែលមេភូមិបានអញ្ជើញអោយបណ្តាប្រជាពលរដ្ឋមកចាក់លើកដំបូងនៅថ្ងៃទី១០ ខែមិថុនា ហើយមកដល់ថ្ងៃនេះ គឺជាថ្ងៃដែលក្រុមពេទ្យចាក់វ៉ាក់សាំង បានកំណត់អោយមកចាក់ជាលើកទី២ទៀត ដើម្បីបង្កើតភាពស៊ាំ ការពារកូវីដ-១៩នៅក្នុងសរីរាង្គរបស់យើង។
បើតាមលោក ទិត សោភ័ណ្ឌ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំវិហារហ្លួង បានថ្លែងថា មកដល់ថ្ងៃទី២៤ ខែមិថុនា ថ្ងៃបញ្ចប់យុទ្ធនាការចាក់ដូសទី១នេះ នៅឃុំកំពង់ហ្លួងមានពលរដ្ឋមកចាក់បានប្រមាណ៩៨% នៃពលរដ្ឋដែលត្រូវចាក់សរុប។
បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅតាមតំបន់ទីប្រជុំជន និងកម្មករកម្មការិនីនៅទូទាំងខេត្តកណ្តាល គិតចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតមកដល់ថ្ងៃទី២៤ ខែមិថុនានេះ គឺមានពលរដ្ឋអញ្ជើញមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ប្រមាណជាង ៥៣ម៉ឺននាក់ ឬស្មើនឹងជិត៩០% នៃចំនួនវ៉ាក់សាំងដែលត្រូវចាក់ដូសទី១ លើពលរដ្ឋទូទៅប្រមាណ៦០ម៉ឺននាក់។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បញ្ជាក់ថា នៅក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋអាទិភាពមានមន្ត្រីរាជការជួរមុខ នគរបាល មន្ត្រីចូលនិវត្តន៍ និងអាជីវករជាដើមកន្លងមក គឺក្រុមពេទ្យចាក់បានទាំងដូសទី១ និងដូសទី២ បានប្រមាណជាង៧ម៉ឺននាក់ ហើយនៅក្នុងយុទ្ធនាការចាក់ជូនពលរដ្ឋទូទៅតាមទីប្រជុំជន និងកម្មកររោងចក្រនានាដែលកំពុងដំណើរចាក់បានចំនួន១៤ថ្ងៃនេះ គឺមានពលរដ្ឋបានដូសទី១ បានប្រមាណជាង៥៣ម៉ឺននាក់ ៕
អត្ថបទ ស៊ុម សុខជា