
ការវាយប្រហារដ៏ខ្លាំងក្លាលើប្រទេសយេម៉ែនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវបានធ្វើឡើង បន្ទាប់ពីមានការព្រមានជាច្រើនសប្តាហ៍ដល់ក្រុមហួទីឲ្យឈប់វាយប្រហារការដឹកជញ្ជូនទំនិញ នៅសមុទ្រក្រហម ឬកន្លែងផ្សេងទៀត។
តែក្រុមហួទីនៅតែបន្តបាញ់យានដ្រូន និងមីស៊ីល ដែលហាក់ដូចជាកំពុងជំរុញសហរដ្ឋអាមេរិកឲ្យបញ្ចប់ការគំរាមកំហែងរបស់ខ្លួន។ ការធ្វើបែបនោះត្រូវបានអ្នកជំនាញមួយចំនួនចោទជាសំណួរថា តើក្រុមហួទី ចង់ធ្វើសង្គ្រាមជាមួយអាមេរិកមែនទេ? ហើយប្រសិនបើដូច្នេះមែន តើព្រោះហេតុអ្វី?
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសយេម៉ែន លោក Gerald Feierstein ស្ថិតក្នុងចំណោមអ្នកដែលគិតថា សហរដ្ឋអាមេរិកបានផ្តល់ឲ្យក្រុមហួទីនូវអ្វីដែលពួកគេចង់បាន នោះគឺសង្គ្រាម។ លោក Feierstein បានសារព័ត៌មាន Reuters ថា៖ «ប្រាកដណាស់ ពួកគេបានព្យាយាមបញ្ឆេះឲ្យមានការសងសឹកពីសហរដ្ឋអាមេរិក។ ពួកគេមានទំនុកចិត្តថា ពួកគេអាចទប់ទល់នឹងអ្វីក៏ដោយ ដែលយើងនឹងធ្វើ។ ពួកគេបានឃើញថា ពួកគេទទួលបានការគាំទ្រដោយទូទៅ»។
ក្រុមហួទីដែលបានគ្រប់គ្រងភាគច្រើននៃដែនដីប្រទេសយេម៉ែនអស់រយៈពេលជិតមួយទសវត្សរ៍ បាននិយាយថា យុទ្ធជនចំនួន ៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសសរុបចំនួន ៧៣លើក។ ពួកគេបានប្តេជ្ញាសងសឹក និងបន្តការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូន ដែលពួកគេនិយាយថាមានគោលបំណងគាំទ្រប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល។
បន្ទាប់ពីការវាយប្រហារដំបូងរបស់អាមេរិក និងអង់គ្លេស រូបភាពវីដេអូថតដោយយានដ្រាន នៅលើទូរទស្សន៍ al-Masirah របស់ក្រុមហួទី បានបង្ហាញពីមនុស្សរាប់រយពាន់នាក់ នៅក្នុងទីក្រុង Sanaa ស្រែកពាក្យស្លោកថ្កោលទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ មនុស្សដ៏ច្រើនបានប្រមូលផ្តុំគ្នានៅទីក្រុងផ្សេងទៀតរបស់យេម៉ែនផងដែរ។
បណ្ដាអ្នកជំនាញនិយាយថា ទំនុកចិត្តភាគច្រើនរបស់ក្រុមហួទី កើតចេញពីសមត្ថភាពទប់ទល់នឹងការវាយប្រហារជាច្រើនឆ្នាំពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ តែយ៉ាងណាក្ដី យុទ្ធនាការដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមនេះ អាចមានភាពខុសប្លែកគ្នាខ្លាំង៕