
អ្នកស្រុកទីក្រុងគីវ បានស្វែងរកទីជ្រកកោន នៅឯស្ថានីយ៍រថភ្លើងក្រោមដី ខណៈដែលមន្ត្រីអ៊ុយក្រែន បាននិយាយថា ប្រទេសបានទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាដោយមីស៊ីលរបស់រុស្ស៊ី នៅព្រឹកថ្ងៃសៅរ៍ (ទី១៣ ខែមករា) នេះ។
ប្រជាជនបាននាំគ្នាតាំងកន្លែងនៅដោយកន្ទេល និងដេកនៅកាបូបស្ពាយ នៅជាន់ក្រោមដីរបស់ស្ថានីយរថភ្លើង ដោយរង់ចាំសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបញ្ចប់។ កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងថា ប្រទេសខ្លួនស្ថិតក្រោមការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីលរបស់រុស្ស៊ី នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ដោយបន្ថែមថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ផងដែរ។
យោងតាមមន្ត្រីក្នុងតំបន់មកពីបណ្ដាខេត្តនានា បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីនៅក្នុងតំបន់យ៉ាងហោចណាស់ចំនួន៥ នៅទូទាំងប្រទេសអ៊ុយក្រែន។ តែទោះជាយ៉ាងណាក្ដី នៅមិនទាន់មានព័ត៌មានលម្អិតណាមួយ ដែលត្រូវបានផ្តល់ឲ្យថា តើគោលដៅណាមួយ ត្រូវបានវាយប្រហារនោះទេ ហើយមានព័ត៌មានតិចតួចណាស់អំពីការវាយប្រហារខុសពីធម្មតានេះ ដែលត្រូវបានផ្តល់ដោយក្រុមមន្ត្រី៕