សៀមរាប÷ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយមូលនិធិផ្កាសន្តិភាព និងមនី្ទរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្រ្តទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ស្ថិតនៅវិទ្យាល័យភ្នំក្រោមស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤នេះ។
សកម្មភាពសប្បុរសធម៌នេះ ប្រារព្ធឡើងក្រោមវត្តមានឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម Nguyen Thanh Van (ង្វៀន ថាន់ វ៉ាន់)អគ្គកុងស៊ុល នៃប្រទេសវៀតណាម និងលោកស្រី ត្រូង ង៉ុក ទុយ ប្រធានអង្គការមូលនិធិផ្កាសន្តិភាព។
ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សាវ៉ាត់ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តសៀមរាប និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា ការពិគ្រោះជំងឺរួមមាន៖ ជំងឺទូទៅ ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ច្រមុះ បំពង់ក វះកាត់តូច និងព្យាបាលរបួស។ជា
មួយគ្នានោះដែរឯកឧត្តម Nguyen Thanh Van (ង្វៀន ថាន់ វ៉ាន់) និងលោកស្រី ត្រូង ង៉ុក ទុយ បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងអាជ្ញាធរពាក់ព័ន្ធ ដែលបានរៀបចំបង្កើតកម្មវិធីពិនិត្យ ព្យាបាលជំងឺ និងចែកឱសថដោយឥតគិតថ្លៃនាថ្ងៃនេះ និងជាសកម្មភាពដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋ កម្ពុជា-វៀតណាម ដែលមានជីវភាពខ្វះខាត។ ជាពិសេសកម្មវិធីពិនិត្យ ព្យាបាលជំងឺថ្ងៃនេះ ក៏បានបង្ហាញពីមិត្តភាពរវាងវៀតណាម-កម្ពុជា និងបានចូលរួមបង្កើនមិត្តភាពកាន់តែរុងរឿងតទៅនាថ្ងៃអនាគតបន្ថែមទៀតផងដែរ។
ចំណែកប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី អញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងឱសថ ដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយមូលនិធិផ្កាសន្តិភាព និងមនី្ទរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្រ្តទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញចំណាប់អារម្មណ៍មានក្តីរំភើបកក់ក្តៅឥតឧបមា គោរព ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម លេង ផាលី បានថ្លែងថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ២០៧នាក់ ស្រី ចំនួន១១៥នាក់ បានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន២៦៩៦នាក់ ស្រ្តីមានចំនួន១៨៦១នាក់ លើសផែនការ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧០០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៥គីឡូក្រាម ទឹកត្រី១ដប ទឹកដោះគោខាប់១កំប៉ុង ស្ករស១គីឡូក្រាម ប្រេងឆា១ដប ថវិកា២ម៉ឺនរៀល ព្រមទាំងនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តសៀមរាប ដោយសហការជាមួយប្រតិភូមកពីប្រទេសវៀតណាមមាន សរុបចំនួន ៤០នាក់។ក្នុងរយៈពេល១១ឆ្នាំ ឈានចូល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៣ មករា ឆ្នាំ២០២៤) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន១៨១៧លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,១៥០,៨៦៤នាក់ (ដប់បីលាន ដប់ប្រាំម៉ឺន ប្រាំបីរយ ហុកសិបបួន នាក់) គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,៣៣៦,៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។
ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៨៩,៧៦៧ដូស (ដប់មួយលានប៉ែតសិបប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំពីររយហុកសិបប្រាំពីរដូស) ក្នុង២៥រាជធានី-ខេត្ត។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៧,៥៤៣,២០០ដុល្លារ (ប្រាំមួយរយហាសិបប្រាំពីរលាន ហាសិបបួនម៉ឺន ពីររយ ដុល្លារសហរដ្ឋអាមេរិក)។ ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ គឺនាំឱ្យមានកំណើនសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕ អត្ថបទ រដ្ឋា























