
ភ្នំពេញ ៖ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅដល់តុលាការហើយ នៅរសៀលនេះ។
ក្រោយបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែបកាលពីម្សិលមិញ សមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនលោក ខេង យ័ន ទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីតំណាងអយ្យការបន្តនីតិវិធី។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា សំណុំរឿងខាងលេីបានមកដល់អយ្យការអមសាលាដំបូងហេីយនៅពេលនេះ តំណាងអយ្យការកំពុងអនុវត្តនីតិវិធីក្នុងការស៊េីបអង្កេត និងស្តាប់ចម្លេីយ។ លោកនឹងជូនដំណឹងបន្ថែមទៀត នៅពេលដែលតំណាងអយ្យការមានចំណាត់ការចុងក្រោយ។
លោក ខេង យ័ន ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែង ពីអភិបាលក្រុងកែបនៃខេត្តកែបនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់។ ចំពោះការបញ្ចប់តំណែងលោក ខេង យ័ន ត្រូវបានសម្ដេចធិបតីបញ្ជាក់ថា មានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា