ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍មួយធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះទណ្ឌិត សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុក ដោយបានធ្វើការប្រមាថជាថ្មីម្តងទៀតដល់អង្គព្រះមហាក្សត្រ តាមរយៈសង្គមហ្វេសបុក ហើយបានធ្វើការអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័នតុលាការធ្វើការចាប់ខ្លួនទណ្ឌិតនេះ មកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលទូរទស្សន៍BTV ទទួលបាន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានលើកឡើងថា គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិត សម រង្ស៊ី ដែលបង្ហោះសាធារណៈតាមបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ដោយគណបក្សចាត់ទុកខ្លឹមសារដែលទណ្ឌិត សម រង្ស៊ី បានផ្សព្វផ្សាយជាសាធារណៈនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះព្រះកិត្តិនាម របស់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រខ្មែរយើង និងបានរំលោភលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជំពួកទី២ មាត្រា៧ ដែលបានចែងថា អង្គព្រះមហាក្សត្រ មិនអាចនណារំលោភបំពានបានឡើយ។
សេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិចដដែលនេះ «បានចាត់ទុកការចោទប្រកាន់យ៉ាងងងឹតងងល់របស់ទណ្ឌិត សម រង្ស៊ី ម្តងហើយម្តងទៀតមកលើ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺមានចេតនាយ៉ាងអាក្រក់ បម្រើមហិច្ឆតានយោបាយគុំកួនសងសឹក មកលើរបបរាជានិយម និងព្រះរាជបល្ល័ង្ក ដែលគណបក្សហ៊្វុនស៊ិនប៉ិច ក៏ដូចជា អ្នករាជានិយម អ្នកសីហនុនិយម និងប្រជានុរាស្ត្រខ្មែរ មិនអាចទទួលយកបាននោះឡើយ»។
តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច សូមស្នើដល់រាជរដ្ឋាភិបាល និងស្ថាប័នតុលាការ មេត្តាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីនាំយកមេចលនាឧទ្ទាមក្រៅច្បាប់នេះ មកធ្វើការផ្ដន្ទាទោសទៅតាមច្បាប់ជាធរមានផងដែរ៕
អត្ថបទ ៖ បាន ចក់'
