
ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នក្នុងតំបន់ បានឲ្យដឹងនៅថ្ងៃសៅរ៍ (ទី១៣ ខែមករា) នេះថា យ៉ាងហោចណាស់មនុស្ស ១០នាក់ បានស្លាប់ និង ៦នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានឧបទ្ទវហេតុអណ្តូងរ៉ែធ្យូងថ្ម នៅទីក្រុង Pingdingshan ភាគកណ្តាលប្រទេសចិន ដោយប្តេជ្ញាបន្តប្រតិបត្តិការជួយសង្គ្រោះ និងចាប់ផ្តើមការត្រួតពិនិត្យសុវត្ថិភាពទូទាំងទីក្រុង។
យុទ្ធនាការត្រួតពិនិត្យសុវត្ថិភាព នៅក្នុងទីក្រុង Pingdingshan ដែលសម្បូរដោយធ្យូងថ្ម ក្នុងខេត្ត Henan អាចរំខានដល់ការផលិតធ្យូងថ្មនៅទីនោះ និងធ្វើឲ្យការផ្គត់ផ្គង់ធ្យូងថ្មជួបនឹងការលំបាក។ កាលពីខែវិច្ឆិកាឆ្នាំមុន តម្លៃធ្យូងថ្មនៅចិនបានហក់ឡើង បន្ទាប់ពីគណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះបានប្តេជ្ញាថា នឹងបង្កើនការត្រួតពិនិត្យសុវត្ថិភាព ខណៈដែលការស្លាប់ដោយសារគ្រោះថ្នាក់ នៅក្នុងតំបន់ផលិតធ្យូងថ្មដ៏ធំជាងគេ Shanxi បានកើនឡើងខ្លាំង។
ការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ទីក្រុង Pingdingshan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង ២និង ៥៥នាទី ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ (ទី១២ ខែមករា) ដោយសារតែការផ្ទុះធ្យូងថ្ម និងឧស្ម័ននៅឯអណ្តូងរ៉ែដែលគ្រប់គ្រងដោយក្រុមហ៊ុន Pingdingshan Tianan Coal Mining របស់ប្រទេសចិន។
គិតត្រឹមម៉ោង ៣រសៀលម៉ោងក្នុងស្រុក នាថ្ងៃសៅរ៍នេះ មនុស្ស ១០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ និង ៦នាក់កំពុងបាត់ខ្លួន។ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្ននេះ បាននិយាយថា ខ្លួននឹងបង្កើតផែនការជាក់ស្តែង ដើម្បីជួយសង្គ្រោះអ្នកបាត់ខ្លួន និងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។ ទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការ បានរាយការណ៍ថា មនុស្សសរុបចំនួន ៤២៥នាក់ កំពុងធ្វើការនៅក្រោមដី នៅពេលដែលគ្រោះថ្នាក់បានកើតឡើង៕