ឯកឧត្តម ងួន សុភៈ សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន៩៩រូប និងចែកបណ្ណសរសើរជូនសមាជិក សមាជិកា ចំនួន១១១រូប នៃក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ វិមាន ឈ្នះ ឈ្នះ អគារខេមរានី។
ឯកឧត្តម វង្ស វ៉ាន់នី ប្រធានក្រុមប្រឹក្សាភិបាលក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ បានលើកឡើងថា ក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ០៩០/២២ ស.ស.យ.ក ភព ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយមានសមាសភាពយុវជន ចំនួន១៥៣នាក់ ស្រី ចំនួន៨០នាក់។ បច្ចុប្បន្នក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ មានសមាជិកសរុបចំនួន៦៩៩នាក់ ស្រី ៣៩៩នាក់។ ដោយមានប្រធានក្រុមប្រឹក្សាភិបាល ១នាក់ អនុប្រធានក្រុមប្រឹក្សាភិបាល ៣នាក់។ ក្នុងបេសកកម្មចូលរួមទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា និងបង្កើនសុខភាព សុខមាលភាពប្រជាពលរដ្ឋ ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅតាមមូលដាន នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបន្តថា ក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ មានគោលបំណងចូលរួមចំណែកបង្កើនសុខភាព សុខមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាននៅតាមបណ្តាខេត្តនានាសម្របសម្រួលជាមួយយុវជន សិស្ស និស្សិត និងមហាជន ដែលស្រឡាញ់ចូលចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បន្តចាត់តាំងយុវជនចូលរួមក្នុងរាល់សកម្មភាពតាមការស្នើសុំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងចូលរួមការងារស្ម័គ្រចិត្តបំពេញការងារក្នុងសកម្មភាពមនុស្សធម៌ និងយុទ្ធនាការនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងរួមរស់ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
នាឱកាសនោះឯកឧត្តម ងួន សុភៈ បានថ្លែងថា បច្ចុប្បន្នសមាជិក សមាជិកា ស.ស.យ.ក រាជធានីភ្នំពេញ នៅក្នុងរាជធានីភ្នំពេញ មានចំនួនជាង២ម៉ឺននាក់។ ក្នុងនោះយុវជនតាមសង្កាត់ ខណ្ឌ ចំណុះតាមវិស័យនីមួយៗ និងសកម្មជន សមាគមជាដៃគូ មានចំនួនច្រើន ជាពិសេសសូមថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមចំណែកពាក់ព័ន្ធការងារបោះឆ្នោត។
ជាចុងក្រោយឯកឧត្តម បានបញ្ជាក់ថា ការឯកភាពជាតិ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានប្រឹងប្រែងរកសន្តិភាព មកឲ្យកម្ពុជា ឲ្យប្រជាជនខ្មែរ ដែលធ្លាប់តែកាប់សម្លាប់គ្នា។ ដូច្នេះមិនសាមញ្ញពេកនោះទេ ដែលក្នុងនាមយើងជាយុវជន យល់ដឹងឲ្យដល់ឬសគល់ យកការយល់ដឹងរបស់យើងនេះ ចែករំលែកទៅដល់មនុស្សជំនាន់ក្រោយ ព្រោះយើងជាមនុស្សជំនាន់ក្រោយទទួលបានសន្តិភាព រស់នៅក្នុងប្រទេសមួយដែលមានសន្តិភាព ដែលយើងធ្លាប់បាត់បង់ជិត៥០០ឆ្នាំមកហើយ។ ដូចនេះស្មារតី ផែនការយើងឲ្យយុវជនចូលរួមធ្វើកិច្ចការងារសង្គមឲ្យបានច្រើន ដោយក្តីស្រលាញ់ ស្ម័គ្រចិត្តដោយបេះដូង ជួយយកអាសារគ្នាជាមួយនឹងប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបុព្វហេតុជាតិ៕អត្ថបទ រដ្ឋា