កងជីវពលហ៊ួទី (Houthi) បានគំរាមថាខ្លួននឹងធ្វើ «ការឆ្លើយតបដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព» បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារមួយផ្សេងទៀតនៅក្នុងប្រទេសយេម៉ែនពេញមួយយប់ ដោយបង្កើនភាពតានតឹងបន្ថែមទៀត ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាការពារការដឹកជញ្ជូនពីការវាយប្រហារដោយចលនាសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ។

ការវាយប្រហារនេះបានបន្ថែមការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះដែលបានរីករាលដាលនៅមជ្ឈិមបូព៌ាចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែលបានធ្វើសង្គ្រាម ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏បានចូលប្រឡូកក្នុងជម្លោះចាប់ពីប្រទេសលីបង់ ស៊ីរី និងអ៊ីរ៉ាក់ផងដែរ។

ការវាយប្រហារចុងក្រោយបំផុត ដែលសហរដ្ឋអាមេរិកបាននិយាយថាបានវាយប្រហារទីតាំងរ៉ាដាមួយ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមានការវាយប្រហាររបស់អាមេរិក និងអង់គ្លេស រាប់សិបដងទៅលើទីតាំងរបស់ក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន។
លោក ម៉ូហាមម៉េដ អាឌុលសាឡាម (Mohammed Abdulsalam) អ្នកនាំពាក្យក្រុមហ៊ួទី បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារចុងក្រោយ រួមទាំងការវាយប្រហារមួយយប់ដែលបានកើតឡើងលើមូលដ្ឋានយោធាមួយក្នុងទីក្រុងសាណា (Sanaa) មិនមានផលប៉ះពាល់ខ្លាំងដល់សមត្ថភាពរបស់ក្រុមក្នុងការរារាំងនាវាដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែល មិនឱ្យឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់នោះទេ៕