អេស្ប៉ាញ៖ មន្ត្រីរដ្ឋាភិបាលមួយរូបបានប្រាប់សារព័ត៌មាន AP កាលពីថ្ងៃពុធថា អ្នកបង្កើតកម្មវិធី software ប្រឆាំងវីរុស ឬ Anti-virus លោក John McAfee ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងពន្ធនាគារទីក្រុងបាសេឡូណា ប៉ុន្មានម៉ោងបន្ទាប់ពីតុលាការប្រទេសអេស្ប៉ាញ បានព្រមព្រៀងធ្វើបត្យាប័នរូបលោកទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងបទចោទប្រកាន់ពាក់ព័ន្ធការគេចវេះបង់ពន្ធចូលរដ្ឋ។

ក្រុមអាជ្ញាធរបាននិយាយថា ពួកគេកំពុងចាប់ផ្ដើមស៊ើបអង្កេតពីមូលហេតុនៃការស្លាប់នេះ។ គួរបញ្ជាក់ថា អ្នកបង្កើតកម្មវិធីប្រឆាំងវីរុសនៅក្នុងប្រព័ន្ធកុំព្យូទ័ររូបបានស្លាប់ក្នុងវ័យ ៧៥ឆ្នាំ។ ក្រសួងយុត្តិធម៌កាតាឡាក់បាននិយាយថា ក្រុមគ្រូពេទ្យពន្ធនាគារបានព្យាយាមជួយសង្គ្រោះរូបលោកដែរ ប៉ុន្តែមិនបានជោគជ័យ។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្វីៗគ្រប់យ៉ាងបានលាតត្រដាង ហើយថា លោក McAfee បានលាចាកលោកហើយ។ កាលពីខែតុលា ឆ្នាំ២០២០ លោក John McAfee ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញ នៅពេលលោកបម្រុងឡើងយន្តហោះទៅកាន់ប្រទេសទួរគី និងត្រូវបានរងការចោទប្រកាន់ពីបទគេចវេះបង់ពន្ធរយៈពេល ៤ឆ្នាំ។
បុគ្គលដែលមានភាពចម្រូងចម្រាសខ្លាំងនៅក្នុងពិភពបច្ចេកវិទ្យា ក្រុមហ៊ុនរបស់លោកបានបញ្ចេញកម្មវិធីប្រឆាំងវីរុសក្នុងប្រព័ន្ធកុំព្យូទ័រ ជាលក្ខណៈពាណិជ្ជកម្មលើកដំបូង។ កម្មវិធីស្កែនវីរុស McAfee Virus Scan បានជួយក្រុមហ៊ុនរបស់លោក ចំណេញប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅក្នុងពិភពកុំព្យូទ័រ បន្ទាប់មកបានលក់បច្ចេកវិទ្យា Intel ដ៏ធំក្នុងតម្លៃទឹកប្រាក់ ៧,៦ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខមាន