នគរបាល និងយោធារបស់ប្រទេសអេក្វាឌ័រកាលពីថ្ងៃអាទិត្យ (១៤ មករា) បានចុះបង្រ្កាបលើពន្ធនាគារដោយមានគោលបំណងស្តារសណ្តាប់ធ្នាប់នៅក្នុងកន្លែងឃុំឃាំងដ៏គ្រោះថ្នាក់របស់ប្រទេស ដែលមានបុគ្គលិករាប់សិបនាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយអ្នកទោស ស្របពេលមានអំពើហិង្សាកើនឡើងនៅក្នុងប្រទេសតំបន់ភ្នំអង់មួយនេះ។

រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានចែករំលែកដោយកងកម្លាំងប្រដាប់អាវុធអេក្វាឌ័រ បានបង្ហាញអ្នកទោសដែលមិនមានអាវកំពុងក្រាបចុះក្រោមហើយដាក់ដៃនៅលើក្បាលរបស់ពួកគេនៅពេលដែលទាហានប្រដាប់អាវុធបានចូលទៅក្នុងពន្ធនាគារទាំងប្រាំពីរ ជាទីដែលវិបត្តិចំណាប់ខ្មាំងបានកើតឡើង និងបានបញ្ចប់ទៅវិញកាលពីល្ងាចថ្ងៃសៅរ៍ (១៣ មករា) ។

យោធាបាននិយាយថា កងកម្លាំងសន្តិសុខកំពុងធ្វើការស្វែងរក និងគ្រប់គ្រងពន្ធនាគារឡើងវិញ។ ចំណាប់ខ្មាំងដែលទីភ្នាក់ងារពន្ធនាគារ SNAI បាននិយាយពីមុនថាជាឆ្មាំពន្ធនាគារ ១៥៨នាក់ និងបុគ្គលិករដ្ឋបាល ២០នាក់ នោះត្រូវបានឃុំខ្លួនតាំងពីថ្ងៃច័ន្ទសប្ដាហ៍មុននៅក្នុងពន្ធនាគារយ៉ាងហោចណាស់ ៧ទីតាំង មុនពេលពួកគេត្រូវបានដោះលែង៕
