រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃអាទិត្យថា លទ្ធផល នៃការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងតំបន់តៃវ៉ាន់ មិនអាចផ្លាស់ប្តូរការពិតជាមូលដ្ឋានថា មានចិនតែមួយនៅក្នុងពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែករបស់ប្រទេសចិន។

លោក Wang ក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើអត្ថាធិប្បាយក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry នៅរដ្ឋធានី គែរ(Cairo)ប្រទេសអេហ្ស៊ីប។

លោកបាននិយាយថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំនាពេលថ្មីៗនេះ នៅក្នុងតំបន់តៃវ៉ាន់ ក៏នឹងមិនផ្លាស់ប្តូរការយល់ស្របទូទៅរបស់សហគមន៍អន្តរជាតិស្តីពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយនោះទេ។
លោក Wang បានគូសបញ្ជាក់ថាកាលពី ៨០ ឆ្នាំមុននៅទីក្រុងគែរ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញសេចក្តីប្រកាសទីក្រុងគែរ ដែលបានបញ្ជាក់យ៉ាងច្បាស់ថាទឹកដីទាំងអស់ដែលជប៉ុនបានលួចពីប្រទេសចិន រួមទាំងកោះតៃវ៉ាន់ គួរតែត្រូវបានប្រគល់ឱ្យប្រទេសចិនវិញ។
លោក Wang បាននិយាយថា ឯកសារជាបន្តបន្ទាប់ដែលមានឥទ្ធិពលផ្លូវច្បាប់អន្តរជាតិបានបង្កើតជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយបានដាក់មូលដ្ឋានគ្រឹះជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ថាតៃវ៉ាន់ គឺជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន៕
