មិនខុសពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញទៅបំពេញបេសកកម្មនៅក្រៅប្រទេសម្ដងៗ គឺបានឆ្លៀតពេល និងផ្ដល់កិត្តិយសក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរដែលកំពុងរស់នៅបំពេញការងារ និងសិក្សារៀនសូត្រនៅទីនោះ។

នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ (ម៉ោងនៅកម្ពុជា) សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិតខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតី បានមានប្រសាសន៍ថា ជំនួបជាមួយប្រជាពលរដ្ឋរស់នៅពេលនេះ ជាការស្វែងយល់អំពីសុខទុក្ខ និងជម្រាបអំពីការវិវឌ្ឍនានានៅប្រទេសកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ជំនួបសំណេះសំណាលនេះ មិនមែនជាការទិញទឹកចិត្តប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះឡើយ ហើយសម្ដេចក៏បានផ្ដាំទៅអ្នកដែលរិះគន់រាល់ជំនួបនានានៅក្រៅប្រទេសរបស់សម្ដេចជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរថា ជាការទិញទឹកចិត្តនោះ ប្រៀបដូចជាការមើលស្រាលប្រជាពលរដ្ឋខ្មែរខ្លួនឯង។ ផ្ទុយទៅវិញសម្ដេចថា ជំនួបនេះបង្ហាញអំពីស្មារតីសាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែររស់នៅទីណាក៏ដោយ មិនថាចេញមកក្រៅប្រទេសដោយស្ថានភាពណានោះទេ ពោលនៅតែមានចិត្តគិតអំពីប្រទេសជាតិទាំងអស់ ហើយជាក់ស្ដែងសម្ដេចខ្លួនឯងផ្ទាល់ធ្លាប់សិក្សារៀនសូត្រនៅក្រៅប្រទេស ដូច្នេះដឹងច្បាស់ណាស់អំពីស្ថានភាពទាំងអស់នេះ នៅពេលខ្លួនចាកចេញពីប្រទេសកំណើត។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលអញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាលនៅពេលនេះ អ្នកខ្លះបានធ្វើដំណើររហូតដល់ជាង ១០ ម៉ោងឯណោះទើបមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ពោលមកពីប្រទេសឆ្ងាយ ដូចជា ប៊ែលហ្សិក ស៊ូរិកជាដើម។ ក្នុងឱកាសជំនួបនោះសម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមការងារយុវជននៅក្រៅប្រទេស និងអ្នកពាក់ព័ន្ធ ដែលសហការគ្នាបានល្អ ក្នុងការរៀបចំជំនួបសំណេះសំណាលនាពេលនេះ ដែលមានអ្នកចូលរួមប្រមាណជាង ២ពាន់នាក់៕ អត្ថបទ៖ វ៉ន ដារ៉ា
