កូរ៉េខាងជើង៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានច្រានចោលការចរចាជាមួយសហរដ្ឋអាមេរិក ទោះបីជាទីក្រុងវ៉ាស៊ីនតោនបង្ហាញឆន្ទៈក្នុងការសន្ទនា ដើម្បីដោះស្រាយបញ្ហាជាប់គាំងស្ដីពីការអភិវឌ្ឍន៍កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប្រមុខការទូត លោក Ri Son Gwon បានចេញសេចក្ដីថ្លែងការណ៍តាមរយៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃពុធថា យើងមិនបានពិចារណាសូមត្រឹមតែលទ្ធភាព នៃការទាក់ទងណាមួយជាមួយសហរដ្ឋអាមេរិកទេ ទុកឲ្យវាទៅតាមដំណើរទៅចុះ។ ការថ្លែងបែបនេះមានឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តមានក្ដីសង្ឃឹមថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតវិជ្ជមានចំពោះបំណងរបស់ខ្លួន។
កាលពីសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ប្រទេសរបស់លោកចាំបាច់ត្រូវត្រៀមខ្លួន សម្រាប់ទាំងការសន្ទនា ទាំងការប្រឈមជាមួយសហរដ្ឋអាមេរិក។ ដោយឡែកប្អូនស្រីរបស់លោក Kim Jong Un គឺលោកស្រី Kim Yo Jong ក៏បានចេញសេចក្ដីថ្លែងការណ៍ផងដែរកាលពីថ្ងៃអង្គារ។ លោកស្រីបាននិយាយថា សហរដ្ឋអាមេរិកមានក្ដីរំពឹងខុសហើយសម្រាប់ការចរចា៕
អត្ថបទ៖ សុខមាន