សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកឱ្យអ្នកនយោបាយចាស់វស្សាម្នាក់នៅប្រទេសបារាំងថា លែងហ៊ានរិះគន់សម្តេច ជាក្មេងទៀតហើយ ព្រោះខ្លាចចប់ដោយសារតែដៃគូសន្ទនារបស់សម្តេច គឺប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង មានអាយុប្អូនសម្តេចធិបតី ២ខែឯណោះ។

សម្ដេចធិតបី ថ្លែងក្នុងឱកាស ជួបសំណេះ សំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប កាលពីវេលាម៉ោង ៥ ល្ងាចនៅបារាំង ត្រូវនឹងម៉ោង ១១ យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជាថា លើកនេះអត់ហ៊ានជេរសម្ដេចថាជាក្មេងទៀតទេ រាល់ដងរិះគន់សម្ដេចថា ក្មេង ...។ ជាមួយគ្នានេះ សម្តេចធិបតីបានចាត់ទុកការចេញសាររបស់អ្នកនយោយចាស់វស្សាដែលឱ្យប្រធានាធិបតីបារាំង ប្រយ័ត្នចាញ់បោកសម្តេច គឺនយោបាយបម្រើមហិច្ឆិតារបស់ខ្លួន មិនគិតពីប្រយោជន៍ជាតិនោះឡើយ។

សូមជម្រាបថាតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ ១៨-១៩ ខែមករា ឆ្នាំ២០២៤។ ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង ឈានដល់កម្រិតថ្មី៕ អត្ថបទ៖ វ៉ន ដារ៉ា




