វីដេអូដែលបានថតនៅថ្ងៃអាទិត្យ (១៤ មករា) បង្ហាញពីផ្លូវនានាដែលគ្របដណ្តប់ដោយព្រិលធ្លាក់ខ្លាំង បន្ទាប់ពីព្យុះរដូវរងាដ៏ធ្ងន់ធ្ងរបានធ្វើឱ្យទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិក ស្ថិតក្នុងភាពជាប់គាំង។

សីតុណ្ហភាពត្រជាក់ដ៏គ្រោះថ្នាក់បានប៉ះពាល់ដល់យុទ្ធនាការនយោបាយ ព្រឹត្តិការណ៍កីឡា និងការធ្វើដំណើរទូទាំងប្រទេស។ ការផ្ទុះឡើងនៃអាកាសធាតុត្រជាក់នៅតំបន់អាក់ទិកនេះបាននាំឱ្យមានការដាច់ចរន្តអគ្គិសនីសម្រាប់អតិថិជនរាប់សែននាក់នៅភាគឦសាន និងប៉ាស៊ីហ្វិកភាគពាយ័ព្យ។

សេវាអាកាសធាតុជាតិបានចេញការព្រមាន ដោយមនុស្សជាង ៩៥លាននាក់ស្ថិតក្រោមការណែនាំអំពីអាកាសធាតុត្រជាក់ ហើយរដ្ឋមួយចំនួនរំពឹងថាខ្យល់ត្រជាក់នឹងធ្លាក់ចុះដល់កម្រិតដក ៧០អង្សាហ្វារិនហៃ ដែលប្រហែលនឹងដក ៥៧អង្សាសេ។

លក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់នេះត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមាន ដោយធ្វើឱ្យមានការរំខានដល់ឆាកនយោបាយដ៏មមាញឹកនៅក្នុងរដ្ឋ អាយអូវ៉ា (Iowa) ជាទីដែលបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ត្រូវបានបង្ខំឱ្យលុបចោលព្រឹត្តិការណ៍នានាមុនពេលការប្រកួតជ្រើសរើសបេក្ខជនដំបូងរបស់គណបក្សនៅថ្ងៃចន្ទនេះ៕