អាជ្ញាធរបាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃប្រទេសអ៊ីស្លង់កាលពីថ្ងៃអាទិត្យ (១៤ មករា) ជាមួយនឹងកម្អែលហូរទៅដល់ជាយក្រុងនេសាទតូចមួយនៅពេលរសៀល ដោយបានធ្វើឱ្យលំនៅឋានមួយចំនួនត្រូវភ្លើងឆេះ ប៉ុន្តែទីក្រុងនេះត្រូវបានជម្លៀសចេញជាមុន ហើយមិនមានមនុស្សមានគ្រោះថ្នាក់នោះទេ។

កម្អែលភ្នំភ្លើង និងផ្សែងហុយចេញពីការផ្ទុះ បានផ្ទុះឡើងពាសពេញតំបន់ដ៏ធំទូលាយ លាតសន្ធឹងដល់ទីប្រជុំជន ហ្គ្រីនដាវីក (Grindavik) ជាទីដែលយ៉ាងហោចណាស់ផ្ទះមួយខ្នងបានឆាបឆេះ។

អាជ្ញាធរបាននិយាយថា ការផ្ទុះនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យ នៅភាគខាងជើងនៃទីក្រុងនេសាទ ហ្គ្រីនដាវីក ដែលប៉ុន្មានម៉ោងមុនត្រូវបានជម្លៀសចេញជាលើកទីពីរចាប់តាំងពីខែវិច្ឆិកា ដោយសារការភ័យខ្លាចថាការផ្ទុះឡើងជិតកើតមាន ស្របពេលមានសកម្មភាពរញ្ជួយដីអស់ជាច្រើនសប្ដាហ៍។

នេះគឺជាការផ្ទុះភ្នំភ្លើងលើកទីពីរនៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) នៅភាគនិរតីប្រទេសអ៊ីស្លង់ ក្នុងរយៈពេលតិចជាងមួយខែ និងជាការផ្ទុះលើកទីប្រាំចាប់តាំងពីឆ្នាំ២០២១ មក៕