យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ (១៤ មករា) ថាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាដែលបាញ់ចេញពីតំបន់របស់ក្រុមសកម្មប្រយុទ្ធហ៊ួទី (Houthi) នៃប្រទេសយេម៉ែន ឆ្ពោះទៅកាន់នាវាពិឃាតរបស់សហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការនៅសមុទ្រក្រហមភាគខាងត្បូង។

ការស្ទាក់ចាប់តាមអាកាសនេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់នៅក្នុងសមុទ្រក្រហម ដែលក្រុមហ៊ួទី បាននិងកំពុងវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ នៅក្នុងអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រោមការឡោមព័ទ្ធពីកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ការបាញ់មីស៊ីលពីនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អាមេរិក និងអង់គ្លេសទៅលើគោលដៅក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន ដែលបានទាក់ទាញការគំរាមកំហែងនៃការឆ្លើយតប «យ៉ាងខ្លាំងក្លា» ពីកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។

យោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ដែលបានចេញផ្សាយព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា មិនមានការរងរបួស ឬការខូចខាតណាមួយដែលត្រូវបានរាយការណ៍នៅក្នុងឧបទ្ទវហេតុចុងក្រោយនេះទេ៕