លោក Hassan Nasrallah ប្រធានចលនាហេសបូឡា (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកងជីវពលហួទី ក្នុងប្រទេសយេម៉ែន នឹងឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនពិភពលោក នៅក្នុងសមុទ្រក្រហម។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កាលពីដើមសប្តាហ៍នេះ បានបើកការវាយប្រហារជាបន្តបន្ទាប់ សំដៅទៅលើក្រុមឧទ្ទាមហួទី ដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីពួកគេ បានវាយប្រហារម្តងហើយម្តងទៀត លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ ចំណែកក្រុមហួទី បានប្តេជ្ញាធ្វើការសងសឹក។

លោក Nasrallah បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ការឈ្លានពាននាពេលថ្មីៗនេះលើប្រទេសយេម៉ែនតំណាងឲ្យភាពខ្វះការពិចារណារបស់សហរដ្ឋអាមេរិក និងអង់គ្លេស និងភាពមិនស៊ីសង្វាក់គ្នារបស់អាមេរិក»។ ចក្រភពអង់គ្លេស បានចូលរួមក្នុងការវាយប្រហារលើកដំបូង ហើយសកម្មភាពនេះត្រូវបានគាំទ្រដោយប្រទេសហូឡង់ កាណាដា បារ៉ែន និងអូស្ត្រាលី។

លោកបានបន្ថែមថា៖ «នៅពេលនោះ ជនជាតិអាមេរិកអំពាវនាវកុំឲ្យសង្គ្រាមកាន់តែធំឡើង ពួកគេកំពុងពង្រីកវា»។
ប្រធានក្រុមហេសបូឡារូបនេះ បានបន្ថែមថា៖«អ្វីដែលជនជាតិអាមេរិក បានធ្វើនៅសមុទ្រក្រហម នឹងធ្វើឲ្យប៉ះពាល់ដល់នាវាចរណ៍អន្តរជាតិទាំងមូល»។
ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមហ្កាហ្សា កាលពីថ្ងៃទ៧ ខែតុលា ក្រុមឧទ្ទាមហួទី ដែលគ្រប់គ្រងផ្នែកធំនៃយេម៉ែន បានវាយប្រហារអ៊ីស្រាអែលម្តងហើយម្តងទៀតដោយយានដ្រូន និងមីស៊ីល។