អតីតមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់មេដឹកនាំកោះតៃវ៉ាន់ លោក Tsai Ing-wen នៅថ្ងៃចន្ទ (ទី១៥ ខែមករា) នេះថា សហរដ្ឋអាមេរិកទន្ទឹងរង់ចាំការបន្តក្នុងទំនាក់ទំនងកោះតៃវ៉ាន់-អាមេរិក ក្រោមការគ្រប់គ្រងថ្មីរបស់រដ្ឋបាលកោះតៃវ៉ាន់ថ្មី ហើយការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកោះនេះ គឺ «ពិតជារឹងមាំណាស់»។

លោក Lai Ching-te មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ (ទី១៣ ខែមករា) ដូចការរំពឹងទុក ហើយលោកនឹងចូលកាន់តំណែង នៅថ្ងៃទី២០ ខែឧសភា។
ដើម្បីជាការបង្ហាញដល់ការគាំទ្រដល់រដ្ឋបាលថ្មី មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីសប្តាហ៍មុនថា ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងបញ្ជូនគណៈប្រតិភូមិនផ្លូវការទៅកាន់កោះ ដែលត្រូវបានទាមទារដោយប្រទេសចិន។ រដ្ឋបាលកោះតៃវ៉ាន់ ច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ រដ្ឋបាលរបស់លោក Biden បានភ័យខ្លាចថា ការបោះឆ្នោត អន្តរកាល និងរដ្ឋបាលថ្មី នឹងបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលបានដាក់សម្ពាធលើកោះតៃវ៉ាន់ទាំងខាងផ្នែកយោធា និងសេដ្ឋកិច្ច ដើម្បីអះអាងដល់ការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

ក្នុងជំនួបជាមួយលោកស្រី Tsai នៅការិយាល័យមេដឹកនាំ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Stephen Hadley បាននិយាយថា លោកនៅទីនោះ ដើម្បីបង្ហាញនូវការអបអរសាទររបស់ប្រជាជនអាមេរិកដល់ការបោះឆ្នោតនេះ។
លោក Hadley បាននិយាយនៅក្នុងអត្ថាធិប្បាយដែលចេញផ្សាយដោយការិយាល័យរបស់លោកស្រី Tsai ថា៖ «លទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ បានធ្វើជាគំរូដ៏អស្ចារ្យដល់ពិភពលោក»។ លោកបានបន្ថែមថា៖ «យើងមានកិត្តិយសដែលមានឱកាសជួបជាមួយអ្នក (មេដឹកនាំកោះតៃវ៉ាន់) នៅថ្ងៃនេះ ដើម្បីបញ្ជាក់ឡើងវិញថា ការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះតៃវ៉ាន់ គឺពិតជារឹងមាំណាស់ មានគោលការណ៍ និងទ្វេភាគី ហើយថា សហរដ្ឋអាមេរិកឈរជាមួយមិត្តរបស់ខ្លួនជានិច្ច»៕