ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម។ កិច្ចជំនួបនេះបានផ្តោតលើវឌ្ឍនភាពការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង កិច្ចសហការរវាង គ.ស.ម.ក. និងសហភាពអឺរ៉ុប នាពេលអនាគត។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្ដម Igor Driesmans និងគណៈប្រតិភូ និងបានគូសបញ្ជាក់ពីការរៀបចំរបាយការណ៍នៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ដោយបានពិគ្រោះយោបល់ជាមួយអន្តរក្រសួង និងភាគីពាក់ព័ន្ធរួចរាល់ហើយ និងត្រៀមដាក់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច មុននឹងបញ្ជូនទៅក្រសួងការបរទេសនិងហប្រតិបត្តិការអន្តរជាតិ ដើម្បីបន្តនីតិវិធី។

បន្ថែមពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រីលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលផ្អែកលើគោលការណ៍ ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបានសហការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន៣២លើក ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ហើយបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និងបានជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម Igor Driesmans បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម កែវ រ៉េមី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្ដម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅប្រទេស កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លើ ការពង្រឹងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថានប្រតិភូអឺរ៉ុបប្រចាំប្រទេសកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្សនៅកម្ពុជា។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងពីការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូច ជាពន្ធធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាព ក្នុងការពង្រឹងកិច្ច សហការរវាង គ.ស.ម.ក. និងស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្ស៕

