លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា តាមការមើលឃើញរបស់លោក ចំពោះការដឹកនាំរបស់មន្រ្តីក្នុងជួររាជរដ្ឋាភិបាលវ័យក្មេងកម្ពុជា ក្នុងរយៈពេលជាងបួនខែមកនេះ គឺមាន ឆន្ទៈខ្ពស់ក្នុងការកែទម្រង់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយលោករំពឹងថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែប្រសើរ រួមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយបារាំងផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះក្នុងស្ថានទូបារាំង ស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសបារាំង លោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា ក្រោយកាន់តំណែងរបស់នាយករដ្ឋមន្រ្តីវ័យក្មេងកម្ពុជានីតិកាលទី៧ ក្នុងរដ្ឋសភាអស់ រយៈពេលប៉ុន្មានខែមកនេះ លោកបានជួបរដ្ឋមន្រ្តីជាច្រើនដែលទើបតែងតាំងព្រមគ្នា ហើយក្នុងកិច្ចជំនួបនោះរដ្ឋមន្រ្តីទាំងនោះសុទ្ធតែមានឆន្ទៈមុះ មុតក្នុងការធ្វើកំណែទម្រង់របស់ខ្លួន ដើម្បីផលប្រយោជន៍រួម របស់ប្រជាជន និងប្រទេសជាតិ។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ លោកឯកអគ្គរដ្ឋទូតបារាំងក៏បានសម្តែងនូវសុទិដ្ឋិនិយម ផងដែរចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទៅកាន់ប្រទេសបារំាងជាផ្លូវការ និងជាលើកដំបូងនាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងទ្វេក្នុងក្របខណ្ឌភាគីកម្ពុជា និងបារាំងកាន់តែល្អប្រសើរ បន្ថែមទៀត ជាពិសេសនោះគឺវិស័យសេដ្ឋកិច្ច ខណៈបារាំងមើលឃើញកម្ពុជាមានស្ថានភាពល្អប្រសើរជាច្រើន ដែលគួរឲ្យអ្នកវិនិយោគិនបារាំងមកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម៕អត្ថបទបាន ចក់
