រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៤នេះនឹងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ៤៤០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១០៨ លានដុល្លារអាមេរិក ដើម្បីផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និងចីរភាព នៃការគ្រប់ គ្រងបំណុល និងថវិកាជាតិ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២៤ ដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ, អនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ ២០២៤ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើផ្លែតហ្វម របស់ធនាគារជាតិនៃកម្ពុជា ក្នុង ទំហំទឹកប្រាក់ ៤៤០ ប៊ីលានរៀន។
ជុំវិញព័ត៌មាននៃការបោះផ្សាយលក់មូលបត្រ បានកំណត់ដូចជា៖ តម្លៃចារឹកក្នុងមួយប័ណ្ណ ១ លានរៀល, ប្រភេទមូលបត្រឥណ ប្រតិទានមានរយៈពេល ១ឆ្នាំ បោះផ្សាយចំនួន ២ដង គ្រោងបោះផ្សាយក្នុងទំហំសរុប ២៨០ ប៊ីលានរៀន, ឥណប្រតិទាន ២ឆ្នាំ ចំនួន ៤០០ ប៊ីលានរៀន, ឥណប្រតិទាន ៣ឆ្នាំ ១៨០ ប៊ីលានរៀន, និង ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ គ្រោងបោះផ្សាយក្នុងទំហំសរុប ៦០ប៊ីលាន រៀលស្មើរៗគ្នា ជាប្រភេទអត្រាគូប៉ុង ថេរ, ការទូទាត់គូប៉ុង រៀងរាល់ ៦ ខែ ដោយចាប់គិតពីថ្ងៃបោះផ្សាយ។
សូមបញ្ជាក់ថា ចំពោះគម្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ ២០២៤នេះ គឺសម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទាន លើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។ ស្របពេលខាងលើនេះ, រាជរដ្ឋាភិបាលកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍ សម្រាប់ឆ្នាំ២០២៤ ក្នុងកម្រិត ១៧០០លានអេសដេអ៊ែ គឺរក្សាពិតានដូចក្នុងឆ្នាំ ២០២៣ ដោយផ្អែកលើទិដ្ឋភាពរួមមាន៖ ទំហំនៃតម្រូវការវិនិយោគសាធារណៈ ដែលកម្ពុជាមានភាពចាំបាច់ ក្នុងការកៀរគរធនធានបន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ, កម្មវិធី និងគម្រោងអភិវឌ្ឍន៍ ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ ២០២៤ ក្នុងវិស័យអាទិភាព ដែលមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងវែង, ឥណទានមានកម្រិតសម្បទានខ្ពស់, ស្ថានភាពបំណុលសាធារណៈកម្ពុជា បច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមានចីរភាព និងហានិភ័យកម្រិតទាប; និងការបន្តបង្កើនប្រសិទ្ធភាព ខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងនានា៕ អត្ថបទ៖ សុន រ៉ាឌី
