នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្ដេជ្ញាថានឹងបន្តយុទ្ធនាការយោធានៅតំបន់ ហ្កាហ្សាស្រ្ទីប រហូតដល់ «ជ័យជំនះទាំងស្រុង» ត្រូវបានសម្រេចបាន ខណៈដែលជុំចុងក្រោយនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានអូសបន្លាយជាង ១០០ថ្ងៃ។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា «យើងត្រូវតែបន្តធ្វើសង្រ្គាមនេះ ហើយវានៅតែត្រូវចំណាយពេលជាច្រើនខែទៀត» ទោះបីជាមានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីបញ្ឈប់សង្រ្គាមដោយសារតែវិបត្តិមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅហ្កាហ្សាក៏ដោយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានបញ្ជាក់ថា តំបន់ព្រំដែនរវាង ហ្កាហ្សាស្រ្ទីប និងប្រទេសអេហ្ស៊ីប គួរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ខណៈសង្រ្គាមនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ និងនៅលើសមរភូមិមុខក្នុងតំបន់ផ្សេងទៀតនឹងមានរយៈពេលជាច្រើនខែ។
កងទ័ពអ៊ីស្រាអែលបានអនុម័តផែនការរបស់បញ្ជាការភាគខាងត្បូងរបស់ខ្លួនក្នុងការបន្តប្រតិបត្តិការ និងបង្កើនសម្ពាធយោធាលើក្រុមហាម៉ាស ដោយប្រតិបត្តិការរបស់ខ្លួនផ្តោតលើតំបន់ហ្កាហ្សាភាគកណ្តាល និងភាគខាងត្បូង ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ និងធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល៕